ក្រុមអ្នកជំនាញ រុករកឃើញការបង្កកំណើតរបស់ផ្កាថ្ម នៅប្រជុំកោះមួយចំនួនក្នុងសមុទ្ទកម្ពុជា
L
Linda Sorn
2 ម៉ោងមុន

អន្តរក្រសួង៖ ក្រសួងកសិកម្ម ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងអង្គការគាំពារធនធានសមុទ្ទកម្ពុជា រកឃើញនូវការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង ជាលើកដំបូងនៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំកោះស្តេចនៃខេត្តកោះកុង...។

តាមសេចក្តីប្រកាសព៏ត៌មាន ការចុះអង្កេត និងសិក្សាអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ធ្វើឡើងចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្ទ មូលនិធិសង្សារ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។ សេចក្តីប្រកាសបន្តថា ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត និងកត់ត្រាបរិស្ថានជុំវិញ ដើម្បីវាយតម្លៃសុខភាពផ្កាថ្ម។ ការស្រាវជ្រាវ បានផ្តល់ជាមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយឱ្យអ្នកស្រាវជ្រាវបានយល់អំពីវដ្តបន្តពូជរបស់ផ្កាថ្ម ការតាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តាដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្មប៉ប្រះទឹក ប្រកបដោយប្រសិទ្ធភាព។

ទិន្នន័យដែលប្រមូលបាន ផ្តល់ជាភស្តុតាងមូលដ្ឋានជាយុទ្ធសាស្ត្រក្នុងការអភិរក្សផ្កាថ្មប៉ប្រះទឹករយៈពេលវែង សម្រាប់ជាប្រយោជន៍ដល់ទាំងជីវៈចម្រុះ និងសហគមន៍ឆ្នេរសមុទ្ទ ដែលពឹងផ្អែកលើផ្កាថ្មប៉ប្រះទឹកមានសុខភាពល្អសម្រាប់ជាអាហារ និងជីវភាពរស់នៅ។ កញ្ញា ជុន ចេង (Jun Cheng) ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្ទប្រចាំអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា៖«ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម រយៈពេលបីឆ្នាំជាប់ៗគ្នា គឺជាសញ្ញាដ៏ល្អមួយ ដែលបង្ហាញថា ផ្កាថ្មប៉ប្រះទឹកនៅក្នុងប្រទេសកម្ពុជា នៅតែមានភាពធន់គួរឱ្យកត់សម្គាល់»។ កញ្ញាចាត់ទុកការរកឃើញទាំងនេះ បង្ហាញពីសារសំខាន់នៃការបន្តសិក្សាស្រាវជ្រាវព្រឹត្តិការណ៍ និងកិច្ចសហការយ៉ាងរឹងមាំ រវាងរាជរដ្ឋាភិបាល អង្គការ និងដៃគូក្នុងស្រុក ដើម្បីធានាបាននូវការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្ទដ៏មានតម្លៃទាំងនេះ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន   
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន   

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ភាពជោគជ័យនៃការរកឃើញការបង្កកំណើតរបស់ផ្កាថ្មនេះ បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគ្រប់គ្រងជាបន្តបន្ទាប់នៅក្នុងតំបន់ការពារសមុទ្ទរបស់កម្ពុជា។ ការសហការរវាងរាជរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍មូលដ្ឋាន ពិតជាមានសារសំខាន់ណាស់ក្នុងការការពារធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីឱ្យមានចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់។ ដោយឡែក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់ទុកលទ្ធផលដែលបានបង្ហាញ៣ឆ្នាំជាប់ៗគ្នានេះ ជាសក្ខីភាពបង្ហាញថា សមុទ្ទរបស់យើងកំពុងមានសុខភាពល្អ ហើយនេះក៏ជាសក្ខីភាពមិនអាចប្រកែកបាននៃភាពជោគជ័យក្នុងការអនុវត្តវិធានការការពារធនធានជលផលរបស់កម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត