កម្ពុជា-អូស្ត្រាលី ចាប់ដៃគ្នាជំរុញការបណ្ដុះបណ្ដាលជំនាញស្ដង់ដារបច្ចេកទេសយានយន្តដល់យុវជន
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ បើកទំព័រថ្មី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET កម្ពុជា និងអូស្ត្រាលី តាមរយៈភាពជាដៃគូ បានបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (អេស ខេមបូឌា) នៅកម្ពុជា។ អេស ខេមបូឌា ត្រូវបានគេមើលឃើញថា នឹងក្លាយជាក្បាលម៉ាស៊ីនបណ្ដុះបណ្ដាលយានយន្តកម្រិតពិភពលោកថ្មីមួយ ដែលបំពាក់នូវបទពិសោធ និងស្ដង់ដារបច្ចេកទេសផ្ទាល់ពីវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី...។

មជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ ដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី ប្រ៊ីឌហ្គេត ខូលីយ៉ែរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ លោក ហេង សួរ អះអាងថា អេស ខេមបូឌា នឹងដើរតួនាទីជាវេទិកាឈានមុខក្នុងការបណ្ដុះបណ្ដាលជាក់ស្តែងផ្នែកយានយន្ត និងមានគោលបំណងលើកកម្ពស់ស្ដង់ដារ និងពង្រឹងការត្រៀមខ្លួនចូលធ្វើការ «រៀនផង ធ្វើការផង» ដោយយកគំរូតាមប្រព័ន្ធសិស្សរបស់អូស្ត្រាលី។ លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើអាទិភាពយុទ្ធសាស្ត្រចម្បងចំនួន៥រួមមាន៖ ១.ការពង្រឹងជំនាញ និងការរៀនជំនាញថ្មី.នវានុវត្តន៍ និងគម្រោងសាកល្បង, .ការបំប្លែងឌីជីថលក្នុងTVET, .ការសម្របសម្រួលគោលនយោបាយ និង៥.ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

លោក ហេង សួរ សង្កត់ធ្ងន់ថា៖«តាមរយៈការរួមបញ្ចូលកម្មវិធីសិក្សារបស់BKI និងបច្ចេកវិទ្យាឧស្សាហកម្មទំនើបរបស់ RMA កម្ពុជាមិនត្រឹមតែបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតមជ្ឈមណ្ឌលគំរូសម្រាប់នវានុវត្តន៍ ក្នុងការវិភាគវិនិច្ឆ័យយានយន្តអគ្គិសនី និងសុវត្ថិភាព ហើយក៏ធានាថា សិស្សបញ្ចប់ការសិក្សាមានភាពត្រៀមខ្លួនសម្រាប់ការងារតាំងពីថ្ងៃដំបូង»។ ទន្ទឹមគ្នា លោករដ្ឋមន្ត្រី វាយតម្លៃថា តាមរយៈផ្លែផ្កានៃកិច្ចសហការនេះ នឹងរួមគ្នាបង្កើតប្រព័ន្ធ TVET ជំរុញដោយឧស្សាហកម្មទំនើប ដែលផ្តល់ឱ្យយុវជននូវសមត្ថភាពឧស្សាហកម្ម ជាមួយនឹងទេពកោសល្យ ដែលអាចជួយប្រទេសកម្ពុជា ជាមួយនឹងទំនុកចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

ហាក់មិនខុសគ្នា លោកស្រី ប្រ៊ីឌហ្គេត ខូលីយ៉ែរ ក៏បានចាត់ទុកមជ្ឈមណ្ឌល អេស ខេមបូឌា គឺជាជំហានថ្មីមួយទៀតក្នុងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ដែលបានបន្តយូរមកហើយក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ លោកស្រីមើលឃើញថា កម្ពុជាកំពុងបន្តរីកចម្រើន និងធ្វើពិពិធកម្មសេដ្ឋកិច្ចឆ្ពោះទៅរកឧស្សាហកម្មកម្រិតខ្ពស់ជាងមុន ហើយតម្រូវការកម្លាំងពលកម្មជំនាញ ក៏ក្លាយជាកត្តាស្នូល កាន់តែសំខាន់សម្រាប់ការសម្រេចបំណងអភិវឌ្ឍរបស់ខ្លួន។ អូស្ត្រាលី ពិតជាមានមោទកភាពដែលបានរួមចំណែកបង្កើត និងគាំទ្រដល់សិស្សរាប់ពាន់នាក់ នៅក្នុងឆ្នាំខាងមុខ ក្នុងការកសាងជំនាញពង្រឹងអាជីព និងការរីកចម្រើនបន្តទៀតនៃវិស័យយានយន្តព្រមទាំងវិស័យផលិតកម្មកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត