ម្ហូបខ្មែរ «សាច់គោឡុកឡាក់» ត្រូវបានតាំងបង្ហាញនៅក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានល្បីមួយនៅជប៉ុន
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ មុខម្ហូបខ្មែរប្រភេទ «សាច់គោឡុកឡាក់» ត្រូវបានយកដាក់បញ្ចូលក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានល្បីមួយនៅប្រទេសជប៉ុន សម្រាប់ដាក់បង្ហាញជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍អាចទស្សនា នៅក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនីឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នាថ្ងៃចន្ទទី១៦មីនានេះ...។

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជាមួយចូលរួម។ រូបភាព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជាមួយចូលរួម។ រូបភាព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា ព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ បានប្រារព្ធឡើងនៅថ្ងៃទី១៥មីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានភាសាបារាំង នៃរាជធានីតូក្យូ ប្រទេសជប៉ុន ក្នុងនោះ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុមចូលរួម។ ក្រសួងបញ្ជាក់ថា តាមការស្នើរបស់ស្ថានទូតកម្ពុជា មុខម្ហូបខ្មែរ «សាច់គោឡុកឡាក់» ត្រូវបានបង្ហាញនៅក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋានមួយរបស់ជប៉ុន មានទីតាំងនៅក្នុងវិទ្យាស្ថានភាសាបារាំង នៃរាជធានីតូក្យូ និងជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍។ ក្រសួងចាត់ទុក ការដាក់បញ្ចូលមុខម្ហូបខ្មែរដ៏ល្បីនេះ បានផ្តល់ឱ្យអ្នកទស្សនានូវរសជាតិនៃកេរដំណែលស្នាដៃម្ហូបខ្មែរ និងបានបន្ថែមនូវមុខម្ហូបដ៏ពិសេសមួយនៅក្នុងព្រឹត្តិការណ៍។

រូបតំណាង៖ «សាច់គោឡុកឡាក់»
រូបតំណាង៖ «សាច់គោឡុកឡាក់»

ក្រៅពីដាក់បង្ហាញមុខម្ហូបខ្មែរ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំស្តង់វប្បធម៌មួយបង្ហាញពីបេតិកភណ្ឌ ប្រពៃណី ផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា និងទំនាក់ទំនងដ៏រស់រវើករបស់ពលរដ្ឋកម្ពុជា ទៅកាន់អ្នកទស្សនាជប៉ុន និងសហគមន៍អន្តរជាតិ។ ជាមួយគ្នានោះ ស្ថានទូតក៏បានតាំងបង្ហាញនូវស្នាដៃសិល្បៈ និងចែកជូននូវសៀវភៅផ្សព្វផ្សាយនានា ដែលបង្ហាញពីប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា និងចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយដែលកម្ពុជា ជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ 

ស្ថានទូតអះអាងថា ក្នុងនាមជាប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាបង្ហាញការប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងភាសាបារាំង។ ការចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជាសប្តាហ៍ហ្វ្រង់កូហ្វូនី នៅរាជធានីតូក្យូ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងការទូតវប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសជប៉ុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត