
រដ្ឋធានីហាណូយ៖ អាជ្ញាធរវៀតណាម បានចេញសញ្ញាអាសន្នដល់ឧស្សាហកម្មអាកាសចរណ៍ទូទាំងប្រទេស ឱ្យត្រៀមលក្ខណៈចំពោះការកាត់បន្ថយជើងហោះហើរចាប់ពីខែមេសាខាងមុខ បន្ទាប់ពីប្រទេសចិន និងថៃ សម្រេចផ្អាកការនាំចេញសាំងយន្តហោះ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

យោងតាមឯកសារដែលភ្នាក់ងាររ៉យទ័រទទួលបាន វៀតណាមត្រូវពឹងផ្អែកលើការនាំចូលប្រេងយន្តហោះរហូតដល់ជាង២/៣នៃតម្រូវការសរុប ដោយក្នុងនោះ៦០ភាគរយ គឺនាំចូលមកពីប្រទេសចិន និងថៃ ដែលជាប្រភពផ្គត់ផ្គង់ចម្បង។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបញ្ជាក់នៅក្នុងឯកសារផ្ញើទៅកាន់ក្រសួងដឹកជញ្ជូនថា ហានិភ័យនៃការខ្វះខាតប្រេងយន្តហោះ នឹងចាប់ផ្ដើមលេចឡើងនៅដើមខែមេសា ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ពិនិត្យមើលផែនការហោះហើរឡើងវិញ ជាពិសេសខ្សែហោះហើរក្នុងស្រុក។ ជាមួយគ្នា ក្រុមហ៊ុននាំចូលប្រេងធំៗដូចជា Petrolimex និង Skypec បានព្រមានថា ពួកគេអាចធានាការផ្គត់ផ្គង់បានត្រឹមតែក្នុងខែមីនានេះប៉ុណ្ណោះ ខណៈកិច្ចសន្យាសម្រាប់ខែមេសា អាចនឹងត្រូវខកខាន ដោយសារអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសបានផ្អាកការលក់។

ការរអាក់រអួលនេះកើតឡើងបន្ទាប់ពីប្រទេសចិន បានដាក់បម្រាមដាច់ខាតលើការនាំចេញប្រេងចម្រាញ់តាំងពីថ្ងៃទី១១ ខែមីនា ចំណែកប្រទេសថៃ ក៏បានហាមឃាត់ការនាំចេញប្រេងឥន្ធនៈតាំងពីថ្ងៃទី៦ ខែមីនាដែរ លើកលែងតែប្រទេសមីយ៉ាន់ម៉ា និងឡាវប៉ុណ្ណោះ។ បញ្ហានេះ កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់វៀតណាមដូចជា Vietnam Airlines និង VietJet ខណៈអាជ្ញាធរបានណែនាំឱ្យប្រតិបត្តិករអាកាសយានដ្ឋាន រៀបចំចំណតបន្ថែមសម្រាប់យន្តហោះដែលត្រូវផ្អាកដំណើរការ ប្រសិនបើវិបត្តិប្រេងនេះនៅតែបន្តអូសបន្លាយ៕



