
មជ្ឈិមបូព៌ា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា យុទ្ធនាការវាយប្រហាររួមគ្នាជាមួយសហរដ្ឋអាម៉េរិក ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងដំណើរការទៅមុខយ៉ាងរលូន និងលឿនជាងការរំពឹងទុក។ ទោះបីជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ កងទ័ពអ៊ីស្រាអែល បានត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការយ៉ាងហោចណាស់៣សប្តាហ៍បន្ថែមទៀត ដើម្បីបោសសម្អាតគោលដៅរាប់ពាន់កន្លែង ទាំងនៅក្នុងរដ្ឋធានីតេហេរ៉ង់ និងនៅតាមតំបន់យុទ្ធសាស្ត្រនានាទូទាំងប្រទេស...។

អ្នកនាំពាក្យ IDF លោក អ៊ីហ្វី ឌីហ្វ្រីន (Effie Defrin) បានប្រាប់ CNN ថា ផែនការវាយប្រហារនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាមួយសម្ព័ន្ធមិត្តអាម៉េរិក ដោយផ្តោតលើការកម្ទេចឱ្យបានជាដាច់ខាត នូវសរសៃឈាមនៃឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែរ និងសមត្ថភាពផលិតមីស៊ីលបាលីស្ទីក ដែលធ្លាប់ជាការគំរាមកំហែងដល់អត្ថិភាពរបស់រដ្ឋជ្វីហ្វ។ យោងតាមមន្ត្រីយោធាជាន់ខ្ពស់ យុទ្ធនាការលើកនេះ មានទំហំធំធេងជាងសង្គ្រាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ ឆ្ងាយណាស់ ដោយសារ IDF មានគោលដៅលុបបំបាត់ឥទ្ធិពលយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក្នុងតំបន់ឱ្យបានយូរអង្វែង។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានវាយប្រហារលើមូលដ្ឋានឧស្សាហកម្មយោធារបស់អ៊ីរ៉ង់ ជាង១៧០០កន្លែង បណ្តាលឱ្យសមត្ថភាពផលិតមីស៊ីលថ្មីៗរបស់រដ្ឋធានីតេហេរ៉ង់ ត្រូវគាំងទាំងស្រុង។

ក្រៅពីការវាយកម្ទេចរោងចក្រផលិតអាវុធ អ៊ីស្រាអែលក៏បានវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការដ្ឋានរបស់កងទ័ពបដិវត្តន៍អ៊ីស្លាម (IRGC) និងកងកម្លាំង Basij ដែលធ្វើឱ្យស្មារតីប្រយុទ្ធរបស់ទាហានអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់មានករណីរត់ចោលជួរ និងការបដិសេធមិនព្រមចូលសមរភូមិ។ បច្ចុប្បន្ន កងទ័ពអាកាសអ៊ីស្រាអែល (IAF) បាននិងកំពុងក្តោបក្តាប់ឧត្តមភាពលើដែនអាកាសអ៊ីរ៉ង់ ស្ទើរតែទាំងស្រុង បន្ទាប់ពីបានកម្ទេចប្រព័ន្ធការពារអាកាសជាង១០០គ្រឿង និងប្រព័ន្ធរ៉ាដាចាប់សញ្ញាប្រហែល១២០គ្រឿង។ IDF បានប៉ាន់ប្រមាណថា ទាហានអ៊ីរ៉ង់ចន្លោះពី ៤០០០ទៅ៥០០០នាក់ បានបាត់បង់ជីវិត និងរាប់ម៉ឺននាក់ទៀតរងរបួស ខណៈប្រព័ន្ធបាញ់មីស៊ីលបាលីស្ទីកប្រមាណ៧០ភាគរយ ត្រូវបានកម្ទេច ឬធ្វើឱ្យលែងដំណើរការ។ គោលដៅចុងក្រោយនៃយុទ្ធនាការនេះ គឺមិនត្រឹមតែដើម្បីកាត់បន្ថយសមត្ថភាពយោធារបស់របបដឹកនាំអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានលក្ខខណ្ឌអំណោយផល សម្រាប់ឱ្យប្រជាជនអ៊ីរ៉ង់ ងើបឡើងផ្ដួលរំលំរបបនេះដោយខ្លួនឯងទៀតផង៕



