ភ័យខ្លួន! ថៃចេញមុខ​សុំទោស​ឡាវ​ ចំពោះភាពអត្តនោម័តិ​រឹតត្បិត​ច្រក​ឆង​មេក ដោយឯកតោភាគី
ហៀប ស៊ីថេត
3 ខែមុន

រាជធានីបាងកក៖ ក្រសួងការពារជាតិថៃ បានចេញមុខលន់តួសុំទោសឡាវ បន្ទាប់ពីយោធភូមិភាគ២ រឹតបន្តឹងការគ្រប់គ្រងនៅតំបន់ច្រក[ឆងមេក]ដោយឯកតោភាគី ក្នុងបំណងដើម្បីបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបរិក្ខាសឹកដល់យោធាកម្ពុជា។ យ៉ាងណា ការណ៍នេះ បានធ្វើឱ្យឡាវក្ដៅស្លឹកត្រចៀក ទើបភាគីថៃស្លន់ស្លោ និងបង្ហាញពីការសោកស្ដាយ ចំពោះទង្វើដ៏អសីលធម៌របស់ខ្លួន...។

គេនៅចាំបានថា ចាប់ពីម៉ោង១២ៈ០០នាទីយប់រំលងអាធ្រាត្រថ្ងៃចន្ទទី១៥ ខែធ្នូនេះ យោធភូមិភាគ២ បានចេញបទបញ្ជារឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ទាក់ទងនឹងបរិក្ខាយោធា តាមរយៈច្រកព្រំដែនអចិន្ត្រៃយ៍ឆងមេក ស្ថិតក្នុងឃុំឆងមេក ស្រុកសិរិនថរ (สิรินธร) ខេត្តឧប្បលរាជធានី ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ។ ជុំវិញបញ្ហានេះ លោក​ សុរៈសាន់ គង្គសិរិ (สุรสันต์ คงสิริ ) អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងដោយចោទប្រកាន់កម្ពុជាស្រស់ៗថា មូលហេតុ​សំខាន់ គឺ​ភស្តុតាង​បង្ហាញ​ថា ប្រេងឥន្ធនៈ និង​គ្រឿង​ផ្គត់ផ្គង់​យោធា​ផ្សេងទៀត​ ត្រូវបាន​ដឹកជញ្ជូន​កាត់ច្រកនេះ ចូលប្រទេសឡាវ រួចបន្ត​បញ្ជូនទៅ​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​ជាមួយថៃ។

លោក​ សុរៈសាន់ គង្គសិរិ (สุรสันต์ คงสิริ )
លោក​ សុរៈសាន់ គង្គសិរិ (สุรสันต์ คงสิริ )

យ៉ាងណាក៏ដោយ ការប្រកាសតែឯកឯង ដោយឯកតោភាគី និងទង្វើអត្តនោម័តិរបស់ភាគីថៃនេះ ធ្វើឱ្យឡាវផ្ទុះកំហឹងជាខ្លាំង ទើបអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក​ សុរៈសាន់ ចេញមុខសុំទោសថា៖«ថៃគ្មានចេតនាបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាង[ឡាវ]ទេ។ ជម្លោះពាក់ព័ន្ធនឹងប្រទេសតែ២ប៉ុណ្ណោះ[កម្ពុជា-ថៃ] ហើយប្រទេសផ្សេងទៀតមិនពាក់ព័ន្ធទេ»។ ជាចុងក្រោយ អ្នកនាំពាក្យរូបនេះ​ បាន​សុំទោស​ប្រជាជន​ឡាវ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រឹតត្បិត​នេះ ប៉ុន្តែអាជ្ញាធរថៃ​ នឹង​អនុវត្ត​វិធានការ​នេះ​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​កាត់​បន្ថយ​ការ​រំខាន[ដល់ប្រជាជនឡាវ]៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត