គីម ជុងអ៊ុន បើកទ្វារវិមានស្វាគមន៍ប្រធានាធិបតីឡាវ ខណៈនាគកំណាច[ចិន] និងក្របីទឹក[វៀតណាម] នឹងក្លាយជាភ្ញៀវបន្ទាប់
ហៀប ស៊ីថេត
08 តុលា 2025 05:00 AM

រាជធានីព្យុងយ៉ាង៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បានបើកទ្វារវិមានទទួលប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត កាលពីថ្ងៃអង្គារទី៧តុលា ទន្ទឹមនឹងតំណាងនាគរាជអាស៊ី[ចិន] លោក លី ឈាង កំពុងត្រៀមខ្លួនហោះទៅគោះទ្វារផ្ទះកូរ៉េខាងជើង។ ជាមួយគ្នា ប្រធានបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡឹម ក៏ជាភ្ញៀវបន្ទាប់របស់មេដឹកនាំផ្តាច់ការរូបនេះផងដែរ...។

លោក គីម បានស្វាគមន៍ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត ដោយផ្ទាល់ នៅក្នុងពិធីស្វាគមន៍ដែលចូលរួមដោយមន្ត្រីកំពូល និងក្រុមមនុស្សអបអរសាទរ។ មេដឹកនាំកុម្មុយនីស្ដទាំង២ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ខណៈដំណើរទស្សនកិច្ចនេះ គឺជារឿងដ៏កម្រសម្រាប់មេដឹកនាំរដ្ឋបរទេស ទៅកាន់ប្រទេសស្ថិតក្រោមទណ្ឌកម្មអាវុធនុយក្លេអ៊ែរមួយនេះ។

លោក ថងលូន ស៊ីសូលីត (ឆ្វេង) និងលោក គីម ជុងអ៊ុន
លោក ថងលូន ស៊ីសូលីត (ឆ្វេង) និងលោក គីម ជុងអ៊ុន

ក្រៅពីឡាវ បងធំអាស៊ី ដែលកូរ៉េខាងជើងមិនអាចព្រលែងដៃបាននោះ គឺនាគរាជអាស៊ី [ចិន] តំណាងដោយមេដឹកនាំលំដាប់ទី២ ក៏ត្រៀមទៅភ្លក់់តែក្ដៅនៅរដ្ឋធានីព្យុងយ៉ាងផងដែរ។ ជំនួសមុខឱ្យលោក ស៊ី ជីនពីង នាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) កំពុងរៀបចំអីវ៉ាន់ទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង រយៈពេល២ថ្ងៃ ពោលគឺចន្លោះថ្ងៃទី៩ និង១០តុលា ដើម្បីរម្លឹកខួប៨០ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េ។ គួរជម្រាបថា ក្នុងពិធីរម្លឹកខួបគេតែងឃើញមានការសម្ញែងសព្វាវុធ ដូច្នេះរដ្ឋធានីព្យុងត្រៀមរួចរាល់នៅក្នុងការជញ្ជូនសព្វាវុធរបស់ខ្លួនចេញពីឃ្លាំងមកដាក់តាំងបង្ហាញឱ្យសម្ព័ន្ធមិត្តគយគន់ ជាពិសេស ការតាំងសម្ញែងសព្វាវុធរបស់កូរ៉េខាងជើង គឺជាចុតហ្មាយគំរាមបងធំអាម៉េរិក និងលោកខាងលិច។ ប្រការនេះហើយ តំណាងបក្សកុម្មុយនីស្ដចិន លោក លី ឈាង ទំនងជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចាប់ដៃ និងជល់កែវ ជាមួយលោក គីម អង្គុយគយគន់ព្យុហយាត្រាសព្វាវុធរបស់កូរ៉េខាងជើង។

លោក លី ឈាង
លោក លី ឈាង

ចំណែកឯបងធំកុម្មុយនីស្ដអាស៊ីអាគ្នេយ៍[វៀតណាម] ប្រធានបក្ស លោក តូ ឡឹម ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះផងដែរ ដោយដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវៀតណាម ទៅកាន់ប្រទេសឯកោដ៏មានឥទ្ធិពលមួយនេះ មានរយៈពេលជិត២០ឆ្នាំមកហើយ។ ប្រធានបក្សកុម្មុយនីស្ដវៀតណាម នឹងហោះទៅគោះទ្វារវិមានរីយ៉ុងសុង (Ryongsong Residence) របស់កូរ៉េខាងជើង ដែលនឹង​ធ្វើ​ឡើង​ស្រប​ពេលក្បួនដង្ហែ​យោធា​កូរ៉េ​ខាង​ជើង​ និងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសកុម្មុយនីស្ដទាំង២។

លោក តូ ឡឹម
លោក តូ ឡឹម

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីចិន ប្រធានបក្សកុម្មុយនីស្ដវៀតណាម និងប្រធានាធិបតីឡាវ ទៅជល់កែវដល់វិមានប្រធានាធិបតីកូរ៉េខាងជើងបែបនេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះចំថ្ងៃរម្លឹកខួបនៃការបង្កើតបក្សពលករកូរ៉េ ជាពិសេស ជាឱកាសរបស់រដ្ឋធានីព្យុងយ៉ាងបញ្ជាក់ថា ខ្លួនមិនឯកោទេ។ មិនឯកោនៅត្រង់ថា កូរ៉េខាងជើង មានមិត្តទៅលេងដល់ផ្ទះបន្តកន្ទុយគ្នាឥតដាច់តែម្ដង។ លើសពីនេះ លោក គីម ជុងអ៊ុន ក៏ទំនងជាឆ្លៀតក្នុងឱកាសនោះ សម្ញែងឥទ្ធិពល ដាក់មហាអំណាចអាម៉េរិក កូរ៉េខាងត្បូង និងប្រទេសលោកសេរីផ្សេងទៀតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត