អាសូរណាស់! អគ្គិភ័យលេបត្របាក់សាលាបឋមសិក្សានៅកេនយ៉ា សម្លា.ប់សិស្ស១៧នាក់
ហៀប ស៊ីថេត
06 កញ្ញា 2024 08:00 AM

រដ្ឋធានីណៃរ៉ូប៊ី៖ អគ្គិភ័យឆាបឆេះនៅសាលាបឋមសិក្សាមួយនៅកណ្តាលប្រទេសកេនយ៉ា បានដុតសម្លាប់សិស្ស ១៧នាក់។ នេះបើតាមអ្នកនាំពាក្យប៉ូលិសបានអះអាងថ្ងៃសុក្រទី៦ខែកញ្ញា។

ប្រធានាធិបតីកេនយ៉ាលោក វីលៀម រូតូ (William Ruto) បានលើកឡើងថា លោកបានស្នើឱ្យអាជ្ញាធរស៊ើបអង្កេត និងឃុំខ្លួនអ្នកដែលបង្កឱ្យមានឧប្បត្តិហេតុនេះ។  លោក រូតូ បានលើកឡើងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា ៖«ខ្ញុំបញ្ជាអាជ្ញាធរពាក់ព័ន្ធឱ្យស៊ើបអង្កេតឱ្យបានហ្មត់ចត់នូវឧប្បត្តិហេតុដ៏រន្ធត់នេះ។ អ្នកបង្កឱ្យវាកើតឡើងនឹងត្រូវទទួលខុសត្រូវតាមច្បាប់»។  

លោក វីលៀម រូតូ
លោក វីលៀម រូតូ

អ្នកនាំពាក្យនគរបាលជាតិកេនយ៉ាលោកស្រី រ៉េស៊ីឡា អូនីយ៉ាងហ្កូ (Resila Onyango) បានលើកឡើងនៅក្នុងការផ្សាយតាមវិទ្យុ FM Hot 96 របស់ប្រទេសកេនយ៉ាថា ក្រុមសង្គ្រោះកំពុងដុតដៃដុតជើងដើម្បីជួយសង្គ្រោះ។ បន្ថែមលើនេះលោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរសព្ទថា ៖«យើងបានបាត់បង់សិស្ស ១៧នាក់នៅក្នុងឧប្បត្តិហេតុអគ្គិភ័យឆាបឆេះនេះ ខណៈពេល១៤នាក់ផ្សេងទៀតបានរងរបួស។ ក្រុម​យើងកំពុង​នៅ​កន្លែង​កើត​ហេតុ​នៅ​ពេល​នេះ»។ អគ្គិភ័យ​បាន​ដុតកម្លោច​សិស្ស​និស្សិតឡើងសុស រហូតមើលមិនស្គាល់អត្តសញ្ញាណ។ 

គួរជម្រាបថា ការឆេះសាលារៀនបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកេនយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សិស្ស​៩​នាក់​បាន​ស្លាប់​ក្នុង​ខែ​កញ្ញាឆ្នាំ​២០១៧ ក្នុង​ឧប្បត្តិហេតុភ្លើង​ឆេះ​សាលា​មួយ​ក្នុង​រដ្ឋធានី​ណៃរ៉ូប៊ី។ កាលពីឆ្នាំ២០០១ សិស្សសាលាចំនួន ៥៨នាក់ត្រូវបានសម្លាប់នៅក្នុងភ្នក់ភ្លើងឆេះអន្តេវាសិកដ្ឋាននៅសាលាអនុវិទ្យាល័យ Kyanguli នៅខាងក្រៅរដ្ឋធានីណៃរ៉ូប៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត