ត្រាំ គ្រហឹមព្រមានអង្គការណាតូ និងដាក់សម្ពាធចិនឱ្យជួយបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានអង្គការណាតូ អំពីជោគវាសនាដ៏អាក្រក់ ប្រសិនបើសម្ព័ន្ធមិត្តមួយនេះ មិនជួយរកដំណោះស្រាយបើកច្រកសមុទ្ទហ័រមូស្សទេនោះ។ យ៉ាងណា ចៅហ្វាយសេតវិមានរូបនេះ បានបង្ហើរសម្តីល្ហៀងៗថា នឹងពន្យារពេលជំនួបកំពូលដែលបានគ្រោងទុកជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Financial Times កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ដូណាល់ ត្រាំ បានប្រាប់កាសែតខាងលើថា៖«ខ្ញុំគិតថា[..]ចិនគួរតែជួយដែរ ព្រោះចិនទទួលបានប្រេងរហូតដល់៩០ភាគរយពីច្រកសមុទ្ទនេះ។ យើងអាចនឹងពន្យារពេល[ទៅបំពេញទស្សនកិច្ចដែលបានគ្រោងទុកនៅប្រទេសចិន]»។ នេះមានន័យថា លោក ត្រាំ ចង់ដឹងពីជំហររបស់រដ្ឋធានីប៉េកាំងជាមុនសិន មុននឹងទៅបំពេញទស្សនកិច្ចដែលបានគ្រោងទុក។ រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កត បេសិន (Scott Bessent) និងឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) បានបញ្ចប់កិច្ចចរចារយៈពេល២ថ្ងៃដំបូងនៅរដ្ឋធានីប៉ារីស កាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ដើម្បីដោះស្រាយបញ្ហារកាំរកូសក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ពួកគេ និងបើកផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់ ត្រាំ ទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីជួបជាមួយលោក ស៊ី នៅចុងខែមីនាខាងមុខ។

លោក ស្កត បេសិន(ឆ្វេង) និងលោក ហឺ លីហ្វឹង
លោក ស្កត បេសិន(ឆ្វេង) និងលោក ហឺ លីហ្វឹង

យ៉ាងណា លោក ដូណាល់ ត្រាំ អះអាងថា ប្រទេសដែលទទួលបានផលប្រយោជន៍ពីផ្លូវដឹកជញ្ជូន[ច្រកសមុទ្ទហ័រមូស្ស] គួរតែជួយការពា​រនាវាពាណិជ្ជកម្ម។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«វាជារឿងសមស្របបំផុត ដែលអ្នកទទួលផលពីច្រកសមុទ្ទនេះ នឹងជួយធានាថា គ្មានរឿងអាក្រក់កើតឡើងនៅទីនោះ!»។ លើសពីនេះ លោក ត្រាំ បាននិយាយអំពីកងកម្លាំងអ៊ីរ៉ង់ថា៖«យើងកំពុងវាយប្រហារពួកគេយ៉ាងសន្ធាប់។ ពួកគេគ្មានអ្វីសល់ក្រៅពីការបង្កបញ្ហាបន្តិចបន្តួចនៅក្នុងច្រកសមុទ្ទនោះទេ..!អ្នកទាំងនេះ (ប្រទេសផ្សេងៗ) គឺជាអ្នកទទួលផល ហើយពួកគេគួរតែជួយយើងការពារ»។ នៅពេលសួរអំពី ជំនួយអ្វីដែលអាម៉េរិកចង់បាន..? លោក ត្រាំ ប្រាប់ថា វារួមបញ្ចូលទាំងនាវាបោសសម្អាតមីន និងយុទ្ធោបករណ៍ផ្សេងៗទៀត ដើម្បីទប់ទល់ដ្រូន និងមីនក្នុងទឹក។

ជាងនេះទៅទៀត លោក ត្រាំ ក៏បានព្រមានផងដែរថា រដ្ឋធានីវ៉ាស៊ីនតោន អាចនឹងបើកការវាយប្រហារបន្ថែមទៀតលើកោះខាក ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់។ «យើងអាចវាយវាបានក្នុងរយៈពេលត្រឹម៥នាទីប៉ុណ្ណោះ។ ហើយគ្មានអ្វីដែលពួកគេអាចទប់ទល់បានឡើយ» នេះជាសម្តីដ៏មុតស្រួចចេញពីមាត់បុរសខួរក្បាលសេដ្ឋកិច្ច ដូណាល់ ត្រាំ​។ គួររំឭកថា អ៊ីរ៉ង់បានបិទច្រកសមុទ្ទហ័រមូស្ស ដែលជាដង្ហើមប្រេងដ៏សំខាន់របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល​ បើកការវាយប្រហាររួមគ្នាប្រឆាំងនឹងរដ្ឋធានីតេហេរ៉ង់ កាលពី២សប្តាហ៍មុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត