អ៊ីរ៉ង់ទទួលស្គាល់ការបា.ញ់កម្ទេចនាវាពាណិជ្ជកម្មថៃនៅច្រកសមុទ្ទហ័រមូស្ស ក្រោយផ្គើនមិនស្តាប់ការព្រមាន
ហៀប ស៊ីថេត
18 ម៉ោងមុន

រាជធានីបាងកក៖ អ៊ីរ៉ង់បានចេញមុខទទួលស្គាល់ការវាយប្រហារលើនាវាពាណិជ្ជកម្មថៃ «មយូរី នារី (Mayuree Naree)» នៅច្រកសមុទ្ទហ័រមូស្ស បណ្ដាលឱ្យឆេះម៉ាស៊ីនមិនអាចដំណើរការបាន និងធ្វើឱ្យនាវិក៣នាក់បាត់ខ្លួន ខណៈមនុស្ស២០នាក់ទៀត ត្រូវបានសង្គ្រោះចេញពីមាត់ទ្វារមរណៈដ៏ព្រឺព្រួចមួយនេះ...។

ក្រសួងដឹកជញ្ជូនថៃ បានថ្លែងកាលពីថ្ងៃពុធទី១១មីនាថា ក្រុមនាវិកបានបោះបង់ចោលនាវាតាមរយៈឡើងទូកជួយសង្គ្រោះ រួចក៏ត្រូវបានក្រុមអ្នកជួយសង្គ្រោះកងទ័ពជើងទឹកអូម៉ង់ស្រង់ឡើង។ ការផ្ទុះមួយបានកើតឡើងនៅផ្នែកខាងក្រោយនៃកន្ទុយនាវា បណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ម៉ាស៊ីននាវា ដោយមាននាវិក៣នាក់កំពុងបំពេញការងារ ហើយបច្ចុប្បន្នពួកគេកំពុងបាត់ខ្លួន ដោយមិនដឹងថា ស្លាប់ ឬរស់។ ជុំវិញហេតុការណ៍នេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (ឬ IRGC) ទទួលស្គាល់ថា ខ្លួនបានវាយប្រហារលើនាវាដឹកទំនិញទង់ជាតិថៃ «មយូរី នារី» ក្នុងច្រកសមុទ្ទហ័រមូស្សពិតមែន។ IRGC បន្ថែមថា ពួកគេសម្រេចវាយប្រហារ ក៏ដោយសារតែនាវានោះ គឃ្លើន និងបានព្រងើយកន្តើយពីការព្រមាន និងព្យាយាមឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះដោយខុសច្បាប់។

ទីភ្នាក់ងារសារព័ត៌មានហ្វាស៍ (Fars) និងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ផ្សេងទៀត បានរាយការណ៍កាលពីថ្ងៃទី១១ ខែមីនា ថា IRGC បានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអ៊ីរ៉ង់ បានវាយប្រហារលើនាវាចំនួន២គ្រឿងក្នុងច្រកសមុទ្ទហ័រមូស្ស ដែលរួមមាននាវា មយូរី នារី របស់ថៃនេះដែរ។ ភ្នាក់ងាររ៉យទ័រ ក៏បានរាយការណ៍ផងដែរថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលត្រូវបានចាត់ទុកថា ជាការប៉ះទង្គិចដោយផ្ទាល់លើកដំបូងរបស់ពួកគេ ប្រឆាំងនឹងនាវាពាណិជ្ជកម្ម ក្នុងអំឡុងពេលនៃការកើនឡើងកម្ដៅ នៃជម្លោះនាពេលបច្ចុប្បន្ន។ នៅថ្ងៃដដែល អ៊ីរ៉ង់បានអះអាងទៀតថា ខ្លួនបានវាយប្រហារដោយមីស៊ីលលើនាវាពាណិជ្ជកម្មមួយគ្រឿងទៀតគឺ «Express Rome» ដែលមានទង់ជាតិលីប៊ី បន្ទាប់ពីនាវានោះ ត្រូវបានចោទប្រកាន់ថា បានបដិសេធការព្រមានពីកងទ័ពជើងទឹក IRGC។

អ្នកនាំពាក្យទីបញ្ជាការយោធាកណ្តាលរបស់អ៊ីរ៉ង់ បានប្រកាសច្បាស់ៗថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស សម្រាប់ជាប្រយោជន៍ដល់សហរដ្ឋអាម៉េរិក ឬសម្ព័ន្ធមិត្តរបស់ពួកគេឡើយ។ លើសពីនេះ អ៊ីរ៉ង់ក៏បានព្រមានថា នាវាដែលឆ្លងកាត់ច្រកសមុទ្ទនេះ អាចនឹងក្លាយជាគោលដៅសម្រាប់ការវាយប្រហារ ហើយរាល់នាវា ឬទំនិញប្រេងណាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក អ៊ីស្រាអែល ឬសម្ព័ន្ធមិត្តសត្រូវ នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់។ ស៊ីរ៉ែនព្រមានពីសំណាក់អ៊ីរ៉ង់ បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សុវត្ថិភាពនៃការដឹកជញ្ជូនពាណិជ្ជកម្មក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត