
រាជធានីភ្នំពេញ៖ ពេញ១ខែកក្កដា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនារមណីដ្ឋានប្រសាទអង្គរ ត្រូវបានគេវាយតម្លៃថា នៅតែបន្តធ្លាក់ចុះប្រមាណ១៨,១៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន..។

គ្រឹស្ថានអង្គរតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១សីហា ឆ្នាំ២០២៥នេះបានកត់សម្គាល់ថា ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែ និងកំពង់ផែចុងឃ្លៀស ប្រចាំខែកក្កដា គឺបានតែជាង៥ម៉ឺននាក់ ហើយរកចំណូលបានពីការលក់សំបុត្រជាង២លានដុល្លារ។ ក្នុងនោះចំណូលពីការលក់សំបុត្រទូកមានចំនួនជាង៥ម៉ឺនដុល្លារ។ គួរជម្រាបថា គិតត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានប្រមាណជាង២៨លានដុល្លារ ពីភ្ញៀវបរទេសជាង៦១ម៉ឺននាក់ ដែលមកកម្សាន្តនៅតាមប្រាសាទបេងមាលា ប្រាសាទកោះកែ ភ្នំក្បាលស្ពាន និងមួយចំនួនទិញសំបុត្រជិះទូកកម្សាន្ត។

យ៉ាងណា កម្ពុជារំពឹងថាក្នុងឆ្នាំ២០២៥នេះ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥លាននាក់ ដែលនឹងចូលរួមបង្កើតចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណជាង៥ពាន់លានដុល្លារ។ ដ្បិតកាលពីឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន៦,៧លាននាក់ ខណៈទេសចរជាតិមានរហូតដល់២២,៥២លាននាក់៕





