
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពសហរដ្ឋអាម៉េរិកបានកម្ទេចរាល់គោលដៅយោធាអ៊ីរ៉ង់ទាំងអស់នៅលើកោះខាក (Kharg) ដែលជាចំណុចនាំចេញប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ ដែលស្មើនឹង៩០ភាគរយនៃប្រេងនាំចេញសរុប។

លោក ត្រាំ បញ្ជាក់ថា យោធាអាម៉េរិកបានកម្ទេចទាំងស្រុងនូវរាល់មូលដ្ឋានយោធាអ៊ីរ៉ង់នៅលើកោះខាក ប៉ុន្តែមិនទាន់ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រេងនៅឡើយទេ។ លើសពីនេះ លោកបានព្រមានថា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តរំខានដល់ការធ្វើដំណើរនាវាដឹកជញ្ជូនក្នុងច្រកសមុទ្ទហ័រមូស្ស នោះអាម៉េរិកនឹងវាយប្រហារលើប្រព័ន្ធផលិតកម្មប្រេងរបស់អ៊ីរ៉ង់ភ្លាមៗ។ ចៅហ្វាយសេតវិមានរូបនេះ ក៏បានព្រមានបែបឡកឡឺយថា អ៊ីរ៉ង់គ្មានសមត្ថភាពតទល់នឹងការវាយប្រហាររបស់អាម៉េរិកឡើយ ហើយបានជំរុញឱ្យយោធាអ៊ីរ៉ង់ទម្លាក់អាវុធចុះដើម្បីសង្គ្រោះប្រទេស។

ប៉ុន្តែ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក មុចតាបា ខាមេណេ (Mojtaba Khamenei) បានចេញមុខប្រកាសជាលើកដំបូងដោយប្តេជ្ញាថា នឹងបន្តបិទច្រកសមុទ្ទហ័រមូស្សដ៏សំខាន់នេះ។ លើសពីនេះ លោកក៏បានជំរុញឱ្យប្រទេសជិតខាងបិទមូលដ្ឋានទ័ពអាម៉េរិកទាំងអស់ក្នុងទឹកដីរបស់ខ្លួន បើមិនដូច្នោះទេ នឹងប្រឈមមុខនឹងការវាយប្រហារពីសំណាក់អ៊ីរ៉ង់។ សូមជម្រាបថា ក្នុងសង្គ្រាមដែលផ្ទុះឡើង២សប្តាហ៍មកនេះ មានមនុស្សប្រហែល២០០០នាក់បានស្លាប់ ដែលភាគច្រើននៅអ៊ីរ៉ង់ និងលីបង់។ ជាក់ស្តែង កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅជាង ២០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងបាញ់មីស៊ីល និងប្រព័ន្ធការពារអាកាសនៅក្នុងរដ្ឋធានីតេហេរ៉ង់។

ជុំវិញវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា តម្លៃប្រេងពិភពលោកកំពុងប្រែប្រួលក្រឡាប់ចាក់ ម្ល៉ោះហើយ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញលិខិតអនុញ្ញាតពិសេសរយៈពេល៣០ថ្ងៃ សម្រាប់បណ្តាប្រទេសនានាក្នុងការទិញប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ដើម្បីដោះស្រាយវិបត្តិប្រេងជាបណ្តោះអាសន្ន។ ការសម្រេចចិត្តនេះធ្វើឱ្យអឺរ៉ុប អ៊ុយក្រែន និងអាល្លឺម៉ង់ មិនពេញចិត្តជាយ៉ាងខ្លាំង៕




