អាម៉េរិកហៅមិត្តឱ្យជួយ! ត្រាំទទូចឱ្យមហាអំណាចបញ្ជូននាវាចម្បាំងការពារផ្លូវដឹកប្រេង ខណៈសង្គ្រាមកូនកាត់ឈានចូលសប្តាហ៍ទី៣
N
Nary Vann
15 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ស្ថានការណ៍សង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែមានភាពស្រួចស្រាវខ្លាំងឡើង ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវយ៉ាងទទូចឱ្យបណ្ដាប្រទេសមហាអំណាចនានា រួមមាន៖ ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស បញ្ជូននាវាចម្បាំងមកចូលរួមជាមួយសហរដ្ឋអាម៉េរិក ដើម្បីការពារផ្លូវនាវាចរណ៍ដ៏សំខាន់ដែលកំពុងត្រូវបានបិទខ្ទប់...។

ប្រធានាធិបតី ដូណាល់ ត្រាំ
ប្រធានាធិបតី ដូណាល់ ត្រាំ

ការអំពាវនាវនេះ កើតឡើងស្របពេលស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរដ្ឋធានីបាដាដ រួមទាំងស្ថានកុងស៊ុលអារ៉ាប់រួមនៅប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយដ្រូនជាលើកទីពីរក្នុងសប្តាហ៍នេះ។ ទន្ទឹមនោះ ផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅត្រូវបានគេមើលឃើញគ្របដណ្ដប់លើតំបន់ហ្វូជីរ៉ា(Fujairah)របស់អារ៉ាប់រួម បន្ទាប់ពីមណ្ឌលផ្ទុក និងនាំចេញថាមពលដ៏ធំនៅទីនោះ ត្រូវបានវាយប្រហារ ភ្លាមៗ..បន្ទាប់ពីយោធាអ៊ីរ៉ង់ចេញព្រមានឱ្យជនស៊ីវិលចៀសឆ្ងាយពីតំបន់កំពង់ផែ។ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ ជម្លោះនេះ បានរីករាលដាលដល់ប្រទេសលីបង់ បណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត និងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងដល់៤០ភាគរយ ដោយសារការបិទច្រកសមុទ្ទហ័រមូស្ស។

លោក ដូណាល់ ត្រាំ បានអះអាងតាមរយៈបណ្តាញសង្គម Truth Social ថា កងទ័ពអាម៉េរិក បានវាយកម្ទេចរាល់គោលដៅយោធាទាំងអស់នៅលើកោះខាក (Kharg) ដែលជាចំណុចនាំចេញប្រេងដ៏ចម្បងរបស់អ៊ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថា វាមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនោះទេ ដើម្បីបញ្ចៀសការសងសឹកកម្ទេចក្រុមហ៊ុនប្រេងអាម៉េរិកឱ្យទៅជាផេះដូចដែលអ៊ីរ៉ង់បានគំរាម។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមកពីសាកលវិទ្យាល័យ Johns Hopkins លោក Vali Nasr បានព្រមានថា ការវាយប្រហារលើកោះខាក អាចជាចំណុចរបត់ដ៏គ្រោះថ្នាក់មួយ ដែលនឹងមិនធ្វើឱ្យអ៊ីរ៉ង់ដកថយឡើយ ប៉ុន្តែបែរជារុញច្រានឱ្យតំបន់ឈូងសមុទ្ទទាំងមូល ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមកាន់តែខ្លាំងទៅវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត