ករណីយុវតី៣នាក់ព្រួតវាយមិត្តរួមថ្នាក់ជាអនីតិជននៅវិទ្យាល័យព្រះយុគន្ធរ ត្រូវអាជ្ញាធរបញ្ជូនសំណុំរឿងទៅតុលាការ
ហាក់ អ៊ីឌី
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ រឿងរ៉ាវហិង្សានៅវិទ្យាល័យព្រះយុគន្ធរ ជារឿងគួរឱ្យសោកស្ដាយ និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន នោះក៏ព្រោះតែហេតុការណ៍ខាងលើមាន​យុវតី៣នាក់ ព្រួតគ្នាវាយមិត្តរួមថ្នាក់ដែលជាអនីតិជនទាំងកំរោល។ យ៉ាងណាករណីនេះ ត្រូវបានអាជ្ញាធរបញ្ជូនសំណុំរឿងទៅតុលាការហើយ ប៉ុន្តែពុំមានការឃាត់ខ្លួនឡើយ...។

តាមរយៈសេចក្ដីប្រកាសនៅលើផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថា ហេតុការណ៍នោះ កើតឡើងតាំងពីកំលុងខែមករាមកម្ល៉េះ ដោយយុវតីរងគ្រោះមានវ័យ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់៣នាក់ ព្រួតវាយលើរូបនាង ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ ឱ្យពួកគេឈ្លោះប្រកែកគ្នា ហើយរំលងបានកន្លះខែក្រោយមក ម្តាយយុវតីរងគ្រោះ បាននាំកូនស្រីមកដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថរាជធានី។ យ៉ាងណា បន្ទាប់ពីទទួលបណ្ដឹង មន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់កងរាជអាវុធហត្ថរាជធានី បានបំពេញកិច្ចតាមនីតិវិធី ដោយធ្វើការកោះហៅភាគី ជនសង្ស័យទាំង០៣នាក់ រួមទាំងអាណាព្យាបាលមកសាកសួរអំពីរឿងហេតុខាងលើ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ជាមួយគ្នា ភាគីជនសង្ស័យទាំង៣នាក់ រួមទាំងអាណាព្យាបាល បានចូលខ្លួនមកឆ្លើយបំភ្លឺ និងសារភាពកំហុស ប៉ុន្តែដោយហេតុថា ជនបង្កជាអនីតិជនអាយុក្រោម១៤ឆ្នាំ ច្បាប់មិនត្រូវបានអនុញ្ញាតឱ្យឃាត់ខ្លួនឡើយ សមត្ថកិច្ចបានធ្វើការសម្របសម្រួលឱ្យគូភាគីធ្វើការចរចាគ្នាបញ្ចប់រឿង ប៉ុន្តែដោយការចរចាមិនត្រូវរ៉ូវគ្នា ដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ត្រីកងរាជអាវុធហត្ថរាជធានី ប្រគល់ជនសង្ស័យជាអនីតិជនទាំង០៣នាក់ ទៅអាណាព្យាបាល ធានាយកត្រលប់ទៅលំនៅឋានដើម្បីមើលថែបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី និងរង់ចាំការជម្រះក្ដី។

បន្ថែមលើនេះ មន្ត្រីកងរាជអាវុធហត្ថរាជធានី បានសង្កត់ធ្ងន់ថា បើទោះបីមានមតិជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ ឬមិនដឹងហេតុការណ៍ មានហេតុផល ឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរ ឬពាក្យពេចន៍អសុរស តែមតិទាំងនោះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូភាគីមានទំនាស់ឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា "អនីតិជនក្រោម១៤(ដប់បួន)ឆ្នាំ ដែលជាប់សង្ស័យថា បានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានឃាត់ខ្លួនឡើយ...!"៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត