
ក្រុងច្បារមន៖ មនុស្សប្រុសស្រី៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីរត់ពន្ធថ្នាំញៀនជិត២គីឡូក្រាម ចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ...។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤មីនា ឆ្នាំ២០២៦ បានឱ្យដឹងថា សកម្មភាពចុះបង្រ្កាបនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ បានចាត់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បើកការអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធជាបន្តបន្ទាប់សរុប៧នាក់រួមមាន៖ ១.ឈ្មោះ ខឹម សុផា ហៅវ៉ា, ២.ឈ្មោះ រឿន គឹមសាន្ត ហៅមុំ, ៣.ឈ្មោះ ស៊ិប ដន ហៅគោ, ៤.ឈ្មោះ យឿន យ៉េង, ៥.ឈ្មោះ ឌឹម ឡាញ់, ៦.ឈ្មោះ នួន សុខុន ហៅនីន, ៧.ឈ្មោះ សា រ៉ាថាន់។

ក្រោយចប់ប្រតិបត្តិការ អាជ្ញាធរបានធ្វើការដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់ ទម្ងន់សរុបប្រមាណ១៦៩៧ក្រាម រួមទាំងអធ្យោបាយមួយចំនួនដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបន្ដនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការបន្ដនីតិវិធីជាធរមាន៕





