ក្មេងប្រុសស្រី២នាក់បាត់បង់ជីវិត ក្រោយរើសគ្រាប់មិនទាន់ផ្ទុះមកដំលេង
S
Soriya Sou
14 ម៉ោងមុន

ក្រុងស្ទឹងសែន៖ ក្មេងប្រុសស្រី២នាក់រស់នៅក្នុងខេត្តកំពង់ធំ បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេរើសយកគ្រាប់មិនទាន់ផ្ទុះយកមកដំលេង។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរមីន កាលពីយប់ថ្ងៃទី១៤មីនា ឆ្នាំ២០២៦...។

អាជ្ញាធរមីន បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៤មីនា ឆ្នាំ២០២៦ នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះទី១៖ ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខណៈជនរងគ្រោះទី២៖ ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ៨ឆ្នាំ មានទីលំនៅភូមិ សំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍។ បើតាមអាជ្ញាធរមីន ក្រោយកើតហេតុជនរងគ្រោះជាក្មេងប្រុសស្រីទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

មីន និងគ្រាប់មិនទាន់ផ្ទុះ ផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ វាអាចធ្វើឱ្យមនុស្សពិការ និងឈានដល់បាត់បង់អាយុជីវិត ជាក់ស្ដែង ករណីខាងលើនេះជាឧទាហរណ៍ស្រាប់។ ដើម្បីបង្ការហានិភ័យជាយថាហេតុ អាជ្ញាធរមីន បានអំពាវនាវសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ​ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចម្លែកសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់,​ កុំកែច្នៃ,​ កុំគប់,​ កុំដំ ឫចល័តទៅទីណាមួយ ព្រោះគ្រាប់ទាំងនេះអាចធ្វើឱ្យមនុស្សរបួស ពិការ​ និងស្លាប់​បានគ្រប់ពេល។

ករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ​ សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច,​ ប៉ុស្តិ៍នគរបាល,​ មេភូមិ,​ មេឃុំ,​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរសព្ទ៖ ០១២ ៨០០ ៤៧៣, ០១១ ៣៨៣ ៩៣៧, ០៩៧ ៤៨៩ ៥៦០០, ០៦៦ ៦១២ ៦១៣ និង០៦៣ ៩៦៣ ៤៩៩៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត