
រាជធានីភ្នំពេញ៖ មនុស្ស១៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងទីតាំងឆបោកលុយ ឬ (Online Scams)មួយក្នុងបុរីពិភពថ្មី ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤មីនាម្សិលមិញ...។

របាយការណ៍ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បញ្ជាក់ឱ្យដឹងថា ការចុះបង្ក្រាបក្រមឧក្រិដ្ឋជននេះ ធ្វើឡើងដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានី បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ព្រមទាំងធ្វើការឃាត់ខ្លួនជនជាតិបង់ក្លាដេស១៥នាក់ ដែលកំពុងលបលួចប្រព្រឹត្តិបទល្មើសឆបោកលុយឆ្លងប្រទេស ក្រោមរូបភាពប្រើប្រាស់គណនីហ្វេសប៊ុក និងតេឡេក្រាមបន្លំខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) ដោយក្រុមនេះ កាត់តរូបភាព តាមកម្មវិធី Canva ក្លែងឡូហ្គោធនាគារ ពិភពលោក ដើម្បីបោកអ្នកដទៃឱ្យដាក់ប្រាក់កម្ចីមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងធំពាក់ព័ន្ធជាបន្តបន្ទាប់ទៀត។ សូមជម្រាបថា កន្លងមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីប្រទេសកម្ពុជា នៅត្រឹមខែមេសាឆ្នាំ២០២៦។ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែននោះឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងហ្លាយណានៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬកិច្ចអន្តរាគមន៍ណាមួយឡើយ៕





