
ក្រុងខេមរភូមិន្ទ៖ អាជីវកម្មខ្សាច់១កន្លែងក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវក្រសួងបរិស្ថានសម្រេចឱ្យបិទផ្អាកសកម្មភាពបន្ទាន់ ក្រោយស៊ើបអង្កេតឃើញអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួង...។

ក្រសួងបរិស្ថាន តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីល្ងាចថ្ងៃទី២៧មករា បញ្ជាក់ថា ទីតាំងអាជីវកម្មខ្សាច់បកនោះមានក្រុមហ៊ុនចំនួន២ កំពុងដំណើរការលើផ្ទៃដីទំហំជិត ២ហិកតា ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវពិនិត្យឃើញថា អាចបង្កហានិភ័យដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម។ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងនោះកាលពីថ្ងៃទី២៥មករា ហើយបញ្ជាឱ្យក្រុមហ៊ុន សិក្សាវាយតម្លៃពីការបង្កហានិភ័យដល់បរិស្ថាន ឱ្យបានត្រឹមត្រូវមុននឹងបន្តធ្វើអាជីវកម្មរ៉ែខ្សាច់។

ក្រសួងគូសបញ្ជាក់ថា៖«[..]តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង[..]ទីតាំងការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ[..]»។ ដើម្បីឆ្លើយតបបញ្ហាទាំងនេះ ក្រសួង សម្រេចអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឱ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅរហូតដល់មានការសម្រេចជាថ្មីរបស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឱ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន៕







