
ក្រុងសំរោង៖ ស្របពេលថៃបន្តប្រើអាវុធធន់ធ្ងន់ និងផ្សែងពុលមិនឈប់ នាំឱ្យចំនួនជនភៀសសឹកកម្ពុជាកាន់តែច្រើនឡើងៗ ក្រុមការងារអគ្គនាយកដ្ឋានគាំពារបរិស្ថាន បាននាំគ្នាចុះដល់មណ្ឌលសុវត្ថិភាពបងប្អូនជនភៀសសឹក ធ្វើការវិភាគគុណភាពខ្យល់ និងទឹក ដើម្បីធានាសុវត្ថិភាព និងអនាម័យជូនពួកគាត់...។

មន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ធ្នូបានចុះទៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹក២ទីតាំង គឺមណ្ឌលសុវត្ថិភាពស្រុកចុងកាល់ និងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានជនភៀសសឹកសរុបជាង៣ម៉ឺននាក់ ដើម្បីដាក់ឧបករណ៍យកសំណាកខ្យល់រយៈពេល៤៨ម៉ោង វិភាគរកសារធាតុគីមីក្នុងបរិយាកាស។ ជាលទ្ធផល ការវិភាគគឺទទួលបានគុណភាពខ្យល់ល្អណាស់។ ក្នុងពេលជាមួយគ្នា មន្រ្តីក្រសួងបរិស្ថាន ក៏បានធ្វើតេស្តបឋមទឹកស្រះដែលជនភៀសសឹកប្រើប្រាស់ ហើយលទ្ធផលបឋមបង្ហាញថា ទឹកស្រះដែលប្រជាជនភៀសសឹកយកមកប្រើប្រាស់សម្រាប់ងូត និងបោកគក់ មិនទទួលរងការបំពុលនោះទេ។ តែយ៉ាងណា ក្រុមការងារជំនាញក៏បានយកសំណាកទឹកស្រះចំនួន១សំណាក ទៅវិភាគនៅមន្ទីរពិសោធក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់លទ្ធផល។

លើសពីនេះ ក្រសួងបរិស្ថាន បានផ្ដល់ជូនបន្ថែមនូវធុងសំរាម និងថង់សំរាមបន្ថែមមណ្ឌលសុវត្ថិភាពទាំងពីរទីតាំង និងបានចែកថង់សំរាមជនភៀសសឹកសម្រាប់ច្រកសំរាមបន្ថែម ខណៈមន្ទីរបរិស្ថានបានធ្វើការសម្របសម្រួលជាមួយរដ្ឋបាលស្រុកបន្ទាយអំពិល និងរដ្ឋបាលស្រុកចុងកាល់ ក្នុងការប្រមូល និងដឹកចេញទៅទីលាន(រណ្តៅដី)។ សូមជម្រាបថា ក្រៅពីមណ្ឌលសុវត្ថិភាពជនភៀសសឹកនៅខេត្តឧត្ដរមានជ័យ មន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បាននាំយកឧបករណ៍ដើម្បីតេស្តគុណភាពខ្យល់ និងវិភាគទឹកស្រះនៅមណ្ឌលសុវត្ថិភាពស្រែណូយ ស្ថិតនៅភូមិវត្តស្រែណូយ ឃុំស្រែណូយ ស្រុកវារិន ខេត្តសៀមរាប ព្រមទាំងបានចែកធុងសំរាមបន្ថែមផងដែរ៕






