
រាជធានីភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានកម្ពុជា និងតំណាងសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi នៅព្រឹកថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីពង្រឹងកិច្ចការច្បាប់បរិស្ថាន…។

អនុស្សរណៈនេះ ធ្វើឡើងនៅរាជធានីតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក អូហ្សាវ៉ា យ៉ូឈីណូរី (Ozawa Yoshinori) ប្រធានសហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi។ លោក អូហ្សាវ៉ា យ៉ូឈីណូរី បានគូសបញ្ជាក់ថា សហព័ន្ធសមាគមមេធាវីជប៉ុន នឹងគាំទ្រព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចូលរួមចំណែកដល់ការព្យាករបរិស្ថាននៅកម្ពុជា។

លោក អ៊ាង សុផល្លែត អះអាងថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធសមាគមមេធាវីជប៉ុន មានគោលបំណងសម្រេចបាននូវគោលដៅសំខាន់ចំនួន៣ រួមមាន៖ ១.លើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន, ២.ពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន, និង៣. កសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។ លោកបន្ថែមថា នៅពេលស្ថាប័នរបស់យើងមានតម្លាភាព ច្បាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព យើងនឹងបង្កើតបានមូលដ្ឋានគ្រឹះ នៃភាពជោគជ័យយូរអង្វែង។ សូមជម្រាបថា ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន គឺដើម្បីការពារ និងលើកកម្ពស់គុណភាពបរិស្ថាន និងសុខភាពសាធារណៈតាមរយៈការការពារទប់ស្កាត់ និងគ្រប់គ្រងការបំពុល។ ច្បាប់នេះលើកទឹកចិត្ត និងផ្ដល់លទ្ធភាពដល់សាធារណជនចូលរួមក្នុងការការពារបរិស្ថាន៕





