
រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីកិច្ចការសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ ហើយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត។ ខ្លឹមសារនៃកិច្ចប្រជុំ រួមទាំងបទបញ្ជា និងការណែនាំរបស់សម្តេចធិបតី ត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ទី១. ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់ចំពោះជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងអ្នកមិនទាន់អាចវិលត្រឡប់ទៅវិញ ដោយត្រូវគិតគូរជីវភាព និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាការគិតគូរពីសុខទុក្ខរបស់ពួកគាត់ តែមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីឡើយ។

រាជរដ្ឋាភិបាល មានជំហរម៉ឺងម៉ាត់ និងដាច់ខាតក្នុងការការពារបូរណភាពទឹកដី ហើយកំពុងធ្វើការងារនេះយ៉ាងសកម្មតាមយន្តការការទូតដោយសន្តិវិធី។ គួរជម្រាបកន្លែងនេះថា ក្រោយចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយគ្នា យោធាថៃក៏បន្តធ្វើសកម្មភាពរំលោភបំពានជាច្រើន រួមមាន ស្រាស់បន្លាលួស ដាក់ទូកុងតឺន័រ ឈូសឆាយដី កសាងព្រះពុទ្ធបដិមាក្នុងទឹកដីកម្ពុជា និងបន្តឈរជើងកាន់កាប់តាមតំបន់មួយចំនួនរបស់កម្ពុជា។

ទី២. អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) គឺជាបញ្ហាសាកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា ហើយកម្ពុជាជាប្រទេសរងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ យុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើលឡើយ ប៉ុន្តែ ជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។

រាជរដ្ឋាភិបាល មានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញនេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ ជាមួយគ្នា គណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមនីតិវិធី សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅឱ្យរដ្ឋសភាពិនិត្យ និងអនុម័តបន្ត។

ទី៣. ក្រសួងការបរទេស និងក្រសួងស្ថាប័នដទៃទៀត ត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរកំពុងស្នាក់នៅ ធ្វើការងារ និងសិក្សាក្នុងបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា (ដែលកំពុងផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លារវាងអាម៉េរិក-អ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់)។ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវទាក់ទងជាប្រចាំ និងសម្របសម្រួលជាបន្ទាន់ក្នុងករណីចាំបាច់ ដើម្បីរក្សាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិសិ្សតខ្មែរទាំងអស់នៅតំបន់មជ្ឈិមបូព៌ានេះ៕



