
រាជធានីភ្នំពេញ៖ ខណៈពិភពលោក កំពុងប្រឈមនឹងការខ្វះប្រេងប្រើប្រាស់ ហើយតម្លៃប្រេងក៏មានការកើនឡើងផងនោះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសថា កម្ពុជា នឹងមិនបិទសាលា ហើយក៏មិនចេញវិធានការឱ្យពលរដ្ឋ ឬមន្រ្តីរាជការធ្វើការពីផ្ទះឡើយ ព្រោះកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រេងនេះ។ មានប្រទេសមួយចំនួន ដូចជាវៀតណាម និងហ្វ៊ីលីពីន ជាដើម លើកទឹកចិត្តឱ្យពលរដ្ឋ និងមន្រ្តីរដ្ឋ ធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង។ ចំណែក បង់ក្លាដែស ឯណោះ សម្រេចបិទសាកលវិទ្យាល័យបណ្តោះអាសន្ន ហើយឱ្យសិស្សនិស្សិតប្តូរមករៀនតាមអនឡាញវិញ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២មីនា ឆ្នាំ២០២៦ លោក កែវ រតនៈ បានមានប្រសាសន៍ថា ផ្អែកតាមស្ថានភាពរាល់ថ្ងៃ កម្ពុជា មិនដូចប្រទេសផ្សេងឡើយ ពោលគឺកម្ពុជានឹងមិនប្រកាសអាសន្នដើម្បីបិទសកលវិទ្យាល័យ ឱ្យពលរដ្ឋធ្វើការតែពាក់កណ្តាលថ្ងៃ ឬធ្វើការពីផ្ទះនោះទេ។ តាមរយៈវីដេអូ ដែលទើបបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃ១៤មីនានេះ លោករដ្ឋមន្រ្តី ហ៊ានអះអាងជាមួយភាពជាក់លាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់សភាពការណ៍ប្រេង និងឧស្ម័ន រហូតមកដល់ពេលនេះ និងទៅរយៈពេលខ្លីខាងមុខ។ លោក បញ្ជាក់ថា៖«ប្រសិនបើមានការវិវត្តណាមួយ ប្រែក្លាយលើសពីនោះ រាជរដ្ឋាភិបាលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ ដើម្បីជួបប្រជាពលរដ្ឋយ៉ាងចំហ មិនលាក់បាំង [ដើម្បីជម្រាបថា] សភាពការណ៍ដល់នេះហើយ យើងត្រូវធ្វើអី? តែឥឡូវនេះយើងទប់បាន។ អ៊ីចឹងឱ្យយើងទៅបិទសាលាដូចប្រទេស[ដទៃ] យើងមិនបិទទេ ព្រោះស្ថានភាពយើងខុសគ្នា»។

លោកបន្តថា ក្នុងស្ថានភាពលំបាកនេះ ពិតជាធ្វើឱ្យមានបញ្ហាប្រឈម ប៉ុន្តែស្ថានភាពនេះ ក៏នឹងធ្វើឱ្យមានការកំណត់ពីភាពជោគជ័យ និងបរាជ័យ ហើយអ្នកដែលមានឆន្ទៈ និងសមត្ថភាពពិតប្រាកដ គឺនឹងអាចប្រែក្លាយពីផលលំបាក ទៅជាភាពជោគជ័យវិញ។ គួរបញ្ជាក់ថា សង្គ្រាមដ៏ខ្លាំងក្លានៅមជ្ឈិមប៉ូព៌ា បង្កឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ជាពិសេសការបិទច្រកសមុទ្ទហ័រមូស្ស ជាច្រកដ៏សំខាន់សម្រាប់នាំប្រេងចេញប្រចាំថ្ងៃទៅកាន់ពិភពលោក បានធ្វើឱ្យតម្លៃប្រេងនៅជុំវិញពិភពលោក មានការកើនឡើងលើសធម្មតា ហើយក៏មិនទាន់ត្រលប់មកស្ថានភាពដើមវិញដែរ។ នៅកម្ពុជា តម្លៃប្រេងសាំងធម្មតា កើនឡើងតម្លៃ៥២០០រៀល និងប្រេងម៉ាស៊ូត មានតម្លៃ៦៤០០រៀល ក្នុង១លីត្រ។




