
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញមកបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរ រួមមាន សម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ ហើយចង់ឃើញប្រទេសនៅក្នុងអាស៊ាន រួមទាំងប្រទេសថៃ រួមគ្នាថែរក្សា និងឱ្យតម្លៃ ចៀសវាងប្រើដើម្បីកេងចំណេញនយោបាយ ឬផលប្រយោជន៍ណាមួយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ចេញនៅថ្ងៃទី១៤មីនា ឆ្នាំ២០២៦។

ក្រសួងវប្បធម៌ ចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីកត់សម្គាល់ឃើញព័ត៌មាន និងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។ ក្រសួង បកស្រាយថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំង សម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ «ស្បៃ» ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុង ឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច «ព្រះថោងតោងស្បៃ» គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិ នៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់ បច្ចុប្បន្ន។

ក្រសួងសង្កត់ធ្ងន់ថា៖«បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជា ឧបករណ៍ចំណេញនយោបាយ បញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញវប្បធម៌គឺជាស្ពានពង្រឹង ការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា»។ ក្រសួងអំពាវនាវដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ដែលជាស្មារតីរួមនៃសហគមន៍អាស៊ាន។ ទន្ទឹមនឹងនោះ ក្រសួងក៏ស្នើដល់ពលរដ្ឋខ្មែរឱ្យរក្សាភាពស្ងប់ស្ងាត់ រក្សាការពារភាព ថ្លៃថ្នូរជាកិត្តិយស និងការទទួលខុសត្រូវចំពោះការឆ្លើយតបណាមួយ ដើម្បីរក្សានូវសីលធម៌ខ្ពស់ផ្នែកវប្បធម៌។ ក្នុងនាមប្រជាជនរបស់ប្រទេសដែលមានអរិយធម៌យូរអង្វែង និងគោរពសេចក្តីថ្លៃថ្នូរផ្នែកវប្បធម៌ ប្រជាជនខ្មែរត្រូវបន្ត ឈរលើសេចក្តីពិតនៃប្រវត្តិសាស្ត្រជាមូលដ្ឋាន ផ្អែកលើភាពរឹងមាំនៃវប្បធម៌ដ៏សម្បូរបែបដែលជាមរតកដូនតាខ្មែររាប់ពាន់ឆ្នាំ មកហើយ និងទំនុកចិត្តរបស់ប្រជាជនយើងទៅលើច្បាប់អន្តរជាតិជាគោល៕




