
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករថ្មីថា ក្នុងរដូវប្រាំង ពោលគឺខែមេសាខាងមុខ នឹងមានអាកាសធាតុក្ដៅដល់៣៨អង្សាសេ ហើយរដូវរស្សានឹងចាប់ផ្តើមនៅដើមខែឧសភា លឿនជាងឆ្នាំ២០២៥។

បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣មីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ដោយផ្អែកទៅលើបាតុភូតសកល និងយោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រ ឥណ្ឌា និងតំបន់អេក្វាទ័រ នឹងធ្វើឱ្យរដូវប្រាំងនៅកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា២៦អង្សាសេ និងមធ្យមអតិបរមា៣៨អង្សាសេ។

ជាមួយគ្នានោះ បរិមាណទឹកភ្លៀង នៅតំបន់វាលទំនាប ខ្ពង់រាប ជួរភ្នំក្រវាញ ជួរភ្នំបូកគោ និងតំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ហើយនៅតំបន់ខ្ពង់រាប និងជួរភ្នំដងរែក ស្មើនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែមានកម្រិតពីមធ្យមទៅច្រើន ដែលគ្របដណ្ដប់ទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងបង្គួរ។ ដោយឡែក រដូវវស្សាវិញនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៥។ ក្រសួងបញ្ជាក់ថា បរិមាណទឹកភ្លៀង មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ហើយមានបរិមាណភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ និងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងបង្គួរ។ រលកសមុទ្រមានកម្ពស់ មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

យោងលើការព្យាករអាកាសធាតុនេះ ក្រសួងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ ពិសេសតំបន់ ជនបទដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងរដូវភ្លៀងកក់ខែ និងដើមរដូវវស្សា៕



