
សហភាពអឺរ៉ុប៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស់ (Kaja Kallas) បានលើកឡើងថា សហរដ្ឋអាម៉េរិកចង់«បំបែកបំបាក់អឺរ៉ុប» និង«មិនចូលចិត្តសហភាពអឺរ៉ុប»ឡើយ។ នេះបើយោងតាមបទសម្ភាសដែលបានចុះផ្សាយដោយកាសែត Financial Times នៅថ្ងៃសុក្រទី១៣ ខែមីនា បន្ទាប់ពីទំនាក់ទំនងឆ្លងមហាសមុទ្ទអាត្លង់ទិចរវាងអឺរ៉ុប និងអាម៉េរិក មានបញ្ហាអស់រយៈពេលជាង១ឆ្នាំកន្លងមក។

លោកស្រី កាឡាស់ បានប្រាប់ Financial Times ថា៖«អ្វីដែលខ្ញុំគិតថាពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការយល់ដឹងនោះគឺ សហរដ្ឋអាម៉េរិកបានបង្ហាញជំហរយ៉ាងច្បាស់ថាពួកគេចង់បំបែកបំបាក់អឺរ៉ុប។ ពួកគេមិនចូលចិត្តសហភាពអឺរ៉ុបនោះទេ»។ ការអះអាងនេះកើតឡើងក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានកំណត់គោលដៅដាក់សម្ពាធលើសហភាពអឺរ៉ុបជាហូរហែនៅក្នុងអាណត្តិទី២របស់លោក ដោយបានដាក់ពន្ធលើបណ្តាប្រទេសជាសមាជិក និងប្រទេសផ្សេងៗទៀត ព្រមទាំងបានបង្ហាញចេតនាដណ្តើមយកកោះទឹកកកហ្គ្រីនឡែន ឬហ្គ្រោអង់ឡង់ ទៅធ្វើជាឧបសម្ព័ន្ធរបស់ខ្លួន ខណៈទង្វើមួយនេះអាចបញ្ចប់សម្ព័ន្ធភាពណាតូ យ៉ាងមានប្រសិទ្ធភាព។

លោកស្រី កាឡាស់ បានអះអាងថា វិធីសាស្ដ្ររបស់សហរដ្ឋអាម៉េរិកចំពោះសហភាពអឺរ៉ុប គឺឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដែលប្រើប្រាស់ដោយគូសត្រូវរបស់ប្លុកអឺរ៉ុប។ លោកស្រីបានបន្តថា ៖«ប្រទេសក្នុងសហភាពអឺរ៉ុបមិនគួរស្វែងរកកិច្ចចរចាជាមួយលោក ត្រាំ ជាលក្ខណៈទ្វេភាគីនោះទេ ប៉ុន្តែផ្ទុយទៅវិញ គួរតែដោះស្រាយជាមួយលោកជារួមក្នុងនាមជាប្លុកតែមួយ ពីព្រោះយើងមានអំណាចស្មើគ្នា នៅពេលដែលយើងរួបរួមជាមួយគ្នា»។ ទោះជាយ៉ាងណាក៏ដោយ ចំពោះបញ្ហាការពារជាតិ លោកស្រី កាឡាស់ បានលើកឡើងថា ៖«ប្លុកអឺរ៉ុបនៅតែត្រូវការទិញទំនិញពីអាម៉េរិក ពីព្រោះយើងមិនទាន់មានសម្ភារៈ លទ្ធភាព ឬសមត្ថភាពដែលយើងត្រូវការនៅឡើយទេ»។ លោកស្រីបានបន្ថែមថា អឺរ៉ុបចាំបាច់ត្រូវវិនិយោគលើឧស្សាហកម្មការពារជាតិរបស់ខ្លួនឱ្យបានខ្លាំងក្លាជាងមុន។

សូមជម្រាបថា នៅក្នុងសប្តាហ៍នេះ រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមការស៊ើបអង្កេតពាណិជ្ជកម្មលើសហភាពអឺរ៉ុប (ដែលមាន២៧ប្រទេស) និងប្រទេសផ្សេងទៀត រួមមាន៖ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងម៉ិកស៊ិក។ ក្រោមកិច្ចស៊ើបអង្កេតនេះ បណ្តាប្រទេសទាំងនោះអាចនឹងប្រឈមមុខនឹងពន្ធថ្មីនៅត្រឹមរដូវក្ដៅនេះ បន្ទាប់ពីតុលាការកំពូលអាម៉េរិកបានច្រានចោលកម្មវិធីពន្ធគយភាគច្រើនរបស់លោក ត្រាំ កាលពីខែមុន៕




