
រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិកបានបញ្ជាក់នៅថ្ងៃសៅរ៍ទី១៤ ខែមីនា ថា សមាជិកយោធាទាំង៦រូប ស្ថិតក្នុងយន្តហោះយោធាចាក់ប្រេងលើអាកាសមួយគ្រឿង ដែលបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ បានបាត់បង់ជីវិតទាំងអស់...។

កាលពីថ្ងៃសុក្រទី១៣ ខែមីនា យន្តហោះចាក់ប្រេងលើអាកាសរបស់សហរដ្ឋអាម៉េរិក ប្រភេទ KC-135 បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ អំឡុងពេលប្រតិបត្តិការមហាកំហឹង ឬ Epic Fury ប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់ ខណៈយោធាអាម៉េរិកក្នុងតំបន់ បានព្យាយាមអនុវត្តកិច្ចប្រឹងប្រែងជួយសង្គ្រោះយន្តហោះ KC-135 ដែលបានធ្លាក់នោះ ព្រោះមានផ្ទុកកងទ័ពរហូតដល់ទៅ៦នាក់។ ជាអកុសល កងទ័ពអាម៉េរិកទាំង៦រូបនោះ ស្លាប់ទាំងអស់។ យោធាអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ បានបាញ់ទម្លាក់យន្តហោះអាម៉េរិកមួយនេះ ដោយប្រើមីស៊ីល។

សូមជម្រាបថា យន្តហោះ KC-135 ផលិតដោយក្រុមហ៊ុន Boeing ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ ដែលត្រូវបានបម្រើការជាឆ្អឹងខ្នងយោធាដែនអាកាសអាម៉េរិក និងមានសារសំខាន់បំផុតក្នុងការអនុញ្ញាតឱ្យយន្តហោះដទៃទៀតបំពេញបេសកកម្មប្រយុទ្ធលើសមរភូមិ ដោយមិនចាំបាច់ចុះចត៕



