
រដ្ឋធានីតេហេរ៉ង់៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេណី កាលពីថ្ងៃទី១២មីនា បានផ្ញើសារលើកដំបូងទៅកាន់ពិភពលោក បន្ទាប់ពីឡើងកាន់តំណែងបន្តពីឪពុករបស់លោក ដែលត្រូវបានសម្លាប់ដោយប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ថា អ៊ីរ៉ង់នឹងបន្តការប្រយុទ្ធ និងរក្សាការបិទច្រកសមុទ្ទហ័រមូស្សជាដាច់ខាត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។

ក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់របស់លោក ម៉ូចតាបា ខាមេណី បានផ្ញើសារទៅកាន់ប្រជាជនអ៊ីរ៉ង់ថា៖«ខ្ញុំសូមធានាដល់អ្នករាល់គ្នាថា យើងនឹងមិនព្រងើយកន្តើយក្នុងការសងសឹកឈាម ជូនអ្នកបូជាជីវិតដើម្បីជាតិឡើយ។ តម្រូវការរបស់ប្រជាជន គឺត្រូវបន្តការការពារដ៏មានប្រសិទ្ធភាព និងធ្វើឱ្យសត្រូវស្ដាយក្រោយ!»។ លោកក៏បានសង្កត់ធ្ងន់ថា ការបិទច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង១/៥របស់ពិភពលោក ត្រូវតែបន្តប្រើប្រាស់ជាអាវុធយុទ្ធសាស្ត្រ។

លោកប្រកាសថា៖«អ៊ីរ៉ង់នឹងទាមទារសំណងការខូចខាតពីសត្រូវ ហើយប្រសិនបើពួកគេបដិសេធ យើងនឹងដកហូតទ្រព្យសម្បត្តិរបស់ពួកគេតាមចំនួនដែលយើងកំណត់ ឬកម្ទេចទ្រព្យសម្បត្តិពួកគេក្នុងទំហំស្មើគ្នា»។ មេដឹកនាំថ្មីរូបនេះ បានអំពាវនាវឱ្យប្រទេសជិតខាងបិទមូលដ្ឋានទ័ពអាម៉េរិកទាំងអស់នៅលើទឹកដីរបស់ខ្លួន បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងបន្តវាយប្រហារលើមូលដ្ឋានទាំងនោះមិនឈប់ឈរ។ លោកបង្ហើបថា ក្រៅពីឪពុករបស់លោក ភរិយា ប្អូនស្រី និងសមាជិកគ្រួសារផ្សេងទៀត ក៏បានបាត់បង់ជីវិតក្នុងការវាយប្រហារនោះដែរ ខណៈរូបលោកផ្ទាល់ក៏រងរបួសដូចគ្នា។

អ្វីដែលជាការកត់សម្គាល់ រហូតមកដល់ពេលនេះ មិនទាន់មានរូបភាព ឬវីដេអូណាមួយរបស់លោក ម៉ូចតាបា ខាមេណី ត្រូវបានបញ្ចេញជាសាធារណៈនៅឡើយទេ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានសម្លាប់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី។ កង្វះវត្តមានផ្ទាល់របស់លោកនៅក្នុងការថ្លែងសារនេះ បានធ្វើឱ្យមានការចោទសួរជាច្រើនអំពីស្ថានភាពសុខភាពពិតប្រាកដរបស់លោក បើទោះបីជាមន្ត្រីអ៊ីរ៉ង់អះអាងថា លោកគ្រាន់តែរងរបួសស្រាលក៏ដោយ៕



