អ៊ីរ៉ង់ ដាក់លក្ខខណ្ឌបីយ៉ាងទៅអាម៉េរិក-អ៊ីស្រាអែល បើចង់បញ្ចប់សង្គ្រាម
N
Nary Vann
12 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គៀន (Masoud Pezeshkian) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋធានីតេហេរ៉ង់ ចំពោះសន្តិភាពក្នុងតំបន់ ប៉ុន្តែលោកបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា សង្គ្រាមបច្ចុប្បន្នអាចបញ្ចប់ទៅបាន លុះត្រាតែសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X លោក ប៉េហ្សេស្គៀន បង្ហើបឱ្យដឹងថា លោកបានពិភាក្សាតាមទូរសព្ទជាមួយមេដឹកនាំរុស្ស៊ី និងប៉ាគីស្ថាន ដោយក្នុងនោះលោកបានសង្កត់ធ្ងន់លើទស្សនៈរបស់អ៊ីរ៉ង់ ដែលថា ជម្លោះដ៏សាហាវនេះត្រូវបានដុតបញ្ឆេះឡើងដោយរបបស៊ីយ៉ូនីស្ត (អ៊ីស្រាអែល) និងសហរដ្ឋអាម៉េរិក។ ដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់អរិភាព លោកប្រធានាធិបតីអ៊ីរ៉ង់ បានដាក់ចេញនូវលក្ខខណ្ឌសំខាន់ៗចំនួនបីរួមមាន៖ ការទទួលស្គាល់សិទ្ធិរបស់អ៊ីរ៉ង់, ការទូទាត់សំណងខូចខាតពីសង្គ្រាម និងការផ្ដល់នូវការធានាជាអន្តរជាតិ ដើម្បីបង្ការកុំឱ្យមានការវាយប្រហារមកលើទឹកដីអ៊ីរ៉ង់ជាថ្មីម្ដងទៀត នៅពេលអនាគត

ការកត់សម្គាល់បែបនេះ បានកើតឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតអន្តរជាតិកំពុងកើនឡើង ដើម្បីទប់ស្កាត់កុំឱ្យសង្គ្រាមរីករាលដាលកាន់តែខ្លាំង ខណៈប្រទេសរុស្ស៊ីនៅតែបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ និងបានអំពាវនាវឱ្យមានការបញ្ឈប់ការវាយប្រហារគ្នាជាបន្ទាន់៕

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត