ថៃភូតភរអន្តរជាតិលើបណ្តាញទូរទស្សន៍បារាំង តែដូចជាបាចអង្កាមបញ្ច្រាសខ្យល់ប៉ះលើខ្លួនឯង
ហៀប ស៊ីថេត
3 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ នៅក្នុងកិច្ចសម្ភាសជាមួយបណ្តាញទូរទស្សន៍ព័ត៌មាន FRANCE 24 របស់បារាំង កាលពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ បានសម្ដែងចង់ឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាមួយកម្ពុជា ដោយព្រមានថា ជម្លោះបន្ថែមទៀត នឹងនាំមកនូវការខូចខាតកាន់តែច្រើន និងអះអាងថា ដីដែលខ្លួនកំពុងចូលកាន់កាប់ដោយខុសច្បាប់នោះ គឺប្រជាជនកម្ពុជាមកតាំងទីលំនៅកំលុងពេលថៃបើកជំរំទទួលជនភៀសខ្លួនកម្ពុជាមកម្ល៉េះ...។(Sic)

លោក សីហស័ក្តិ ភួងកេតកែវ ថ្លែង

នៅក្នុងកិច្ចសម្ភាសជាមួយបណ្តាញទូរទស្សន៍ព័ត៌មាន FRANCE 24 របស់បារាំង
លោក សីហស័ក្តិ ភួងកេតកែវ ថ្លែង នៅក្នុងកិច្ចសម្ភាសជាមួយបណ្តាញទូរទស្សន៍ព័ត៌មាន FRANCE 24 របស់បារាំង

ក្រោយអស់តម្រិះក្នុងការឆ្លើយពង្វាងពីការសួររបស់អ្នកសារព័ត៌មាន FRANCE 24 របស់បារាំង ជុំវិញការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងសារទៅកាន់ពិភពលោក កំលុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ឬ Board Of Peace លោក សីហស័ក្តិ ភួងកេតកែវ បានបដិសេធចំពោះការទាមទារទឹកដី ដែលយោធាថៃកំពុងរំលោភបំពានថា៖«មិនត្រឹមត្រូវទាល់តែសោះ» និងថែមទាំងបៀមឈាមព្រួសដាក់កម្ពុជាថា «បាននិងកំពុងព្យាយាមធ្វើឱ្យជម្លោះនេះ កាន់តែរីកធំ ក្លាយជាលក្ខណៈអន្តរជាតិ» ខណៈរាជធានីបាងកកប្រើកលល្បិចដដែលៗ ដើម្បីបិទបាំងមហិច្ឆតាឈ្លានពានរបស់ខ្លួន។ តែយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើង ឬពាក្យចាស់ខ្មែរមួយឃ្លាពោលថា ភូតច្រើន ច្រើនចាញ់អាត្មា! ព្រោះ​អ្នកសារព័ត៌មាន​ទូរទស្សន៍បារាំង ​France 24 បានហែកខោលោករដ្ឋមន្ត្រី ដែលស្ដាប់មើលទៅ ធ្វើឱ្យលោកប្រែ​​ក្លាយពីអ្នកជំនាញការទូត មកជាអ្នកជំនាញការភូតភរទៅវិញ។

សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  
សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  

បណ្តាញទូរទស្សន៍ព័ត៌មានបារាំងខាងលើ បានចុះផ្សាយចំៗថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងថៃ-កម្ពុជា ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការប៉ះទង្គិចជាច្រើនសប្តាហ៍ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កឱ្យមានការជម្លៀសប្រជាជនស៊ីវិលជាង១លាននាក់។ យ៉ាងណា លោក សីហស័ក្តិ បានទទួលស្គាល់ថា កិច្ចព្រមព្រៀងនេះនៅតែមានភាពផុយស្រួយ។ មែនទែនទៅ បទឈប់បាញ់ កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព[មុន] ក្រោមការសម្របសម្រួលដោយសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី (ប្រធានអាស៊ានប្តូរវេន) កាលពីខែតុលាត្រូវបានដួលរលំត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយសារតែភាគីថៃ ប្រើលេសទាត់ចោលទៅកន្លៀតជញ្ជាំង។

លោក សីហសក្តិ ភួងកេតកែវ 
លោក សីហសក្តិ ភួងកេតកែវ 

គេនៅចាំបានថា កាលពីប៉ុន្មានថ្ងៃមុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្បែកមុខមាត់ពិតរបស់ចោរឈ្លានពានទៅកាន់សកលលោកថា យោធាថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើន ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ជាការឆ្លើយតប លោក សីហស័ក្តិ បានរលាស់អណ្តាតតាមជំនាញភូតភររបស់ខ្លួនថា៖«[..]គឺខាងភាគីកម្ពុជាទេ ដែលបន្តធ្វើឱ្យជម្លោះនេះក្លាយជាលក្ខណៈអន្តរជាតិ និងធ្វើការអះអាង ដែលមិនមែនជាការពិត!»។ ប្រមុខការទូតថៃរូបនេះ បានភូតគេភូតឯងបន្ថែម ដោយសម្ដែងធ្វើជាជនរងគ្រោះថា លោកកំពុងទាក់ទងជាមួយសមភាគីកម្ពុជា តាមរយៈ WhatsApp ក្នុងបំណងទប់ស្កាត់ការរីករាលដាលនៃជម្លោះ ព្រោះថា៖«ជម្លោះកាន់តែខ្លាំង មានន័យថា ការខាតបង់កាន់តែច្រើន។ យើងត្រូវតែចៀសវាងរាល់ទង្វើបង្កហេតុ»។

រូបភាព៖ Thai Press
រូបភាព៖ Thai Press

សម្តីផ្អែមគួរឱ្យរអើមរបស់រដ្ឋមន្ត្រីការបរទេសថៃ ទៅកាន់ France 24 គឺជាការប្រើប្រាស់វោហារសាស្ត្រក្លែងក្លាយ ប្រឌិត ភូតភរ និងបំភ្លៃទាំងស្រុង។ លោក សីហស័ក្តិ ចោទថា ការទាមទាររបស់កម្ពុជា គឺមិនត្រឹមត្រូវ! ទាំងដែលការពិតជាក់ស្តែង បង្ហាញយ៉ាងច្បាស់ថា កងទ័ពថៃ បានរំលោភចូលដីខ្មែរយ៉ាងជ្រៅហួសពីបន្ទាត់ព្រំដែនកម្ពុជា ដែលកំណត់ដោយផែនទីខ្នាត ១/២០០ ០០០ (ដែលអន្តរជាតិទទួលស្គាល់)។ លើសពីនេះ ការបន្តឈរជើងរបស់ភាគីថៃ កាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន គឺជាការរំលោភលើអធិបតេយ្យភាពកម្ពុជា យ៉ាងច្បាស់ក្រឡែត។ ការដែលប្រមុខការទូតថៃចោទ«កម្ពុជាកំពុងប្រែក្លាយជម្លោះទៅជាលក្ខណៈអន្តរជាតិ ហើយភាគីថៃកំពុងចៀសវាងការបង្កហេតុ» គឺជារឿងដ៏គួរឱ្យអស់សំណើចបំផុត ព្រោះ យោធាថៃតែងប្រើល្បិចដដែលៗ ដើម្បីទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ គេចវេះពីដំណោះស្រាយច្បាប់អន្តរជាតិ បើកការបាញ់ប្រហារ និងឈ្លានពានទឹកដីកម្ពុជាយ៉ាងសាហាវយង់ឃ្នង។ 

រូបភាព៖ Thai Press
រូបភាព៖ Thai Press

ជារួមមក ការផ្ដល់បទសម្ភាសរបស់លោក សីហស័ក្តិ ទៅកាន់បណ្តាញទូរទស្សន៍ព័ត៌មាន FRANCE 24 គ្រាន់តែជាឈុតឆាកសម្ដែងដើរតួធ្វើជាអ្នកចង់បានសន្តិភាពនៅលើឆាកអន្តរជាតិ ដើម្បីបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួន នៅតាមបណ្តោយព្រំដែនកម្ពុជាប៉ុណ្ណោះ និងដើម្បីទប់សម្ពាធពីសហគមន៍អន្តរជាតិ ទាំងដែលការពិតជាក់ស្តែង ថៃបានប្រើកម្លាំងយោធាមកទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងកំរោល ដោយមានសារព័ត៌មានអន្តរជាតិល្បីៗទូទាំងពិភពលោក បានដឹង និងចុះផ្សាយព្រោងព្រាតរួចមកហើយ ខណៈភាគីកម្ពុជាព្យាយាមស្វែងរកដំណោះស្រាយតាមច្បាប់អន្តរជាតិ និងសន្តិវិធី៕

រូបភាព៖ Thai Press
រូបភាព៖ Thai Press
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត