ប្រមុខការទូតថៃ ប្រើឥទ្ធិពលអណ្តាតអត់ឆ្អឹង ប្រឹងផ្លុំត្រចៀកអឺរ៉ុបបិទបាំងមហិច្ឆតាឈ្លានពានកម្ពុជា
ហៀប ស៊ីថេត
20 ម៉ោងមុន

រាជធានីបាងកក៖ ក្រោយប្រមុខរាជរដ្ឋាភិបាល បកអាក្រាតសកម្មភាពឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ ភ័យស្លន់ស្លោ និងម្នីម្នាប្រាប់អន្តរជាតិ ដោយប្រើឧបាយកលបំភ្លៃ បំផ្លើស បំភាន់ ភូតភរ កុហក សាធារណមតិអន្តរជាតិ តាមរយៈការផ្ដល់បទសម្ភាសដល់ទូរទស្សន៍អន្តរជាតិបារាំង France 24 និងទូរសព្ទប្រាប់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ថាខ្លួនជាជនរងគ្រោះ...។(Sic!)  

រូបភាពបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ ទូរសព្ទទៅកាន់លោកស្រី កាចា កាឡាស់ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប និងជាអនុប្រធានគណៈកម្មការអឺរ៉ុប
រូបភាពបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ភួងកេតកែវ ទូរសព្ទទៅកាន់លោកស្រី កាចា កាឡាស់ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

អ្នកការទូតថៃ កំពុងលេងល្បែងថ្ពិនភ្នែក និងបោកប្រាស់អន្តរជាតិតាមរយៈការផ្ដល់សក្ខីកម្មភូតភរ បំផ្លើស និងបំភ្លៃការពិត ដើម្បីបំភាន់សាធារណមតិអន្តរជាតិ។ ជាក់ស្តែង ក្រោយការបរាជ័យនៃការផ្ដល់បទសម្ភាសដល់បណ្តាញទូរទស្សន៍បារាំង France 24 ដែលបានតាមទាន់ជាន់កែងលោក សីហស័ក្តិ ភួងកេតកែវ ជុំវិញការភូតភររបស់លោកពាក់ព័ន្ធនឹងទង្វើឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា។ ដោយឡែក កាលពីយប់ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ រដ្ឋមន្ត្រីការបរទេសថៃ បានប្រញាប់ប្រញាល់ទាញទូរសព្ទទៅជជែកជាមួយ លោកស្រី កាចា កាឡាស់ (Kaja Kallas) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ដើម្បីបំភ្លៃការពិតបន្ថែមទៀត អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ថ្លែងនៅក្នុងកិច្ចសន្ទនា ភាគីទាំង២ បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាអន្តរជាតិសំខាន់ៗ រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃផងដែរ។

លោក សីហស័ក្តិ ភួងងកេតកែវ
លោក សីហស័ក្តិ ភួងងកេតកែវ

កាន់តែគួរឱ្យអស់សំណើចថែមទៀតនោះ លោក សីហស័ក្តិ បានរលាស់អណ្តាតម្ដងហើយម្ដងទៀតថា ប្រទេសថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយប្រទេសទាំង២[កម្ពុជា-ថៃ] កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប្រទេសថៃ បានរក្សាស្ថិរភាពក្នុងតំបន់ មិនដូចការចោទប្រកាន់របស់ភាគីកម្ពុជាទេ។ ទោះជាយ៉ាងណា ទាំងនេះគឺជាសម្តីដ៏ភូតភរ និងបំភ្លៃការពិតទាំងស្រុង ដែលប្រមុខការទូតថៃកំពុងព្យាយាមបោកប្រាស់សហគមន៍អន្តរជាតិ ដើម្បីបិទបាំងទង្វើឈ្លានពានជាក់ស្តែងរបស់យោធាខ្លួននៅតាមបន្ទាត់ព្រំដែនកម្ពុជា។ ពិភពលោកបានដឹងច្បាស់រួចមកហើយថា យោធាថៃកំពុងបន្តឈរជើងឈ្លានពានទឹកដីកម្ពុជាយ៉ាងជ្រៅ ដោយខុសច្បាប់ និងបំពានយ៉ាងកំរោល ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃរូបនេះ បែរជាផ្លុំត្រចៀកប្រាប់សហភាពអឺរ៉ុបថា ខ្លួនកំពុងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទៅវិញ។(Sic!)

រូបភាពបញ្ជាក់ពីភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
រូបភាពបញ្ជាក់ពីភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

អ្វីដែលគួរឱ្យហួសចិត្តទៀតនោះ ថៃឆ្លៀតស៊កសៀតសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៅជជែកលាយឡំជាមួយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ។ ប៉ុន្តែ នេះគ្រាន់តែជាល្បិចប៉ុណ្ណោះ គោលបំណងពិតប្រាកដរបស់រាជធានីបាងកក គឺចង់ទាញសហភាពអឺរ៉ុបឱ្យមកគាំទ្រទង្វើរំលោភបំពាន និងសកម្មភាពឈ្លានពានរបស់ខ្លួន ដើម្បីកុំឱ្យពិភពលោកមើលឃើញភាពអយុត្តិធម៌ ដែលយោធាថៃបាននិងកំពុងធ្វើមកលើជនស៊ីវិលស្លូតត្រង់កម្ពុជាប៉ុណ្ណោះ។ សូមបញ្ជាក់ឡើងវិញថា៖«មកដល់ពេលនេះ យោធាថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅដោយខុសច្បាប់ តាមរយៈការដាក់ទូរកុងតឺន័រ និងរាយលួសបន្លាបិទភូមិ ព័ទ្ធផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរប្រមាណ៨០០០០នាក់ មិនអាចវិលត្រឡប់ទៅផ្ទះវិញបាន! នេះគឺជាការកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់។»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា   
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា   

កម្ពុជាមិនអាចទទួលយកចំពោះការរំលោភបំពានលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់ខ្លួនបានទេ។ មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់ គឺតាមរយៈយន្តការបច្ចេកទេសដែលមានមូលដ្ឋានលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់។ ដូច្នេះ សង្ឃឹមថា ភាគីថៃនឹងចាប់ផ្តើមអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយត្រូវបញ្ជូនមន្ត្រី JBC ថៃ មកធ្វើការជាមួយមន្ត្រី JBC កម្ពុជា ដើម្បីធ្វើការវាស់វែងកំណត់ខណ្ឌសីមាព្រំដែនជាលក្ខណៈអន្តរជាតិ ដោយមិនត្រូវធ្វើសកម្មភាពរាយបន្លាលួស ដាក់ទូរកុងតឺន័រ ជីកប្រឡាយ និងពង្រាយយោធាព័ទ្ធយកដីកម្ពុជា ជាឯកតោភាគីបែបនេះឡើយ៕

រូបភាពបញ្ជាក់ពីយោធាថៃឈ្លានពានកម្ពុជា
រូបភាពបញ្ជាក់ពីយោធាថៃឈ្លានពានកម្ពុជា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត