
រាជធានីភ្នំពេញ៖ គិតតាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមាន ភាគីថៃនៅតែបន្តលាបពណ៌ និងចង់បានទឹកដីកម្ពុជាយកធ្វើជាកម្មសិទ្ធិខ្លួនឥតឈប់ឈរ។ តាមរយៈអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣មីនា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅលើការលើកឡើងរបស់ក្រសួងការបរទេសថៃ ដែលថា«ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃនេះ ថាអាចបង្កឱ្យមានការយល់ច្រឡំ។ ក្រសួងការបរទេសកម្ពុជា បកស្រាយថា រូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត១/២០០ ០០០ (១លើ២រយពាន់) ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ក្រសួងបន្តថា ការលើកឡើងរបស់ថៃគួរតែធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការវាស់វែងលម្អិតរួមគ្នាដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ ហើយការទាមទារណាមួយដែលផ្អែកលើផែនទីគូជាឯកតោភាគីរបស់ប្រទេសថៃ គឺមិនអាចអនុវត្តបានតាមផ្លូវច្បាប់ទេ។

កម្ពុជា ក៏បានច្រានចោលចំពោះរបាយការណ៍ដែលថៃចោទប្រកាន់ថា កងកម្លាំងកម្ពុជា បានបាញ់គ្រាប់បែកប្រភេទ៤០មិល្លីម៉ែត្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជា លើកឡើងទៀតថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ក៏បានផ្ញើលិខិតអញ្ជើញចំនួន៥លើកជាប់ៗគ្នាទៅភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែងចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប។

តាមរយៈសេចក្តីថ្លែងការណ៍ កម្ពុជាបង្ហាញជំហរថា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាថែមទាំងសង្ឃឹមថា នឹងឃើញកិច្ចសហ ប្រតិបត្តិការពីភាគីថៃ ប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្តែង៕



