
រាជធានីភ្នំពេញ៖ ក្នុងបរិបទនៃសម្ពាធទីផ្សារសកលបណ្ដាលពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មនៅប្រទេសកម្ពុជា ឡើងថ្លៃយ៉ាងគំហុគ ប៉ុន្តែមិនប្រឈមការខ្វះខាត…។

នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោយកិច្ចប្រជុំរវាងលោករដ្ឋមន្រ្តី ឌិត ទីណា ជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក កាលពីរសៀលថ្ងៃទី១២មីនា។ គោលបំណងនៃកិច្ចប្រជុំខាងលើ ដើម្បីវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ និងការប្រែប្រួល នៃតម្លៃជីកសិកម្ម ក្នុងបរិបទសម្ពាធទីផ្សារសកលបណ្ដាលមកពីការប៉ះទង្គិចគ្នា នៅតំបន់មជ្ឈិមបូព៌ា។ ក្រោយកិច្ចពិភាក្សា អង្គប្រជុំបានពិនិត្យឃើញថា នៅកម្ពុជានឹងមិនខ្វះខាតជី និងថ្នាំសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មទេ ប៉ុន្តែសម្ពាធទីផ្សារសកល បានធ្វើឱ្យថ្លៃជី និងថ្នាំកសិកម្មឡើងតម្លៃ។

ក្នុងន័យនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានស្នើសុំឱ្យអ្នកផ្គត់ផ្គង់ជីទាំងអស់ ជួយសម្រួលតម្លៃឱ្យស្ថិតក្នុងកម្រិតសមរម្យជូនប្រជាកសិករអាចទទួលយកបានសម្រាប់យកទៅប្រើប្រាស់នៅរដូវបង្កបង្កើនផលខាងមុខ។ សង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យមានបញ្ហាវិបត្តិថាមពល ហើយបានរុញឱ្យតម្លៃប្រេងមានការកើនឡើងខ្លាំង។ ពេលប្រេងឡើងថ្លៃ ថ្លៃដឹកជញ្ជូន និងទំនិញផ្សេងៗនៅលើទីផ្សារ ក៏ឡើងថ្លៃដូចគ្នាដែរ បូករួមទាំងជី និងថ្នាំកសិកម្ម ដែលបង្កផលវិបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ពលរដ្ឋដែលប្រកបរបរកសិកម្ម៕




