កម្ពុជាទទួលបានជ័យលាភីឯក លើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងតំបន់

រាជធានីភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីនៃពិធីបើកសម្ពោធការអនុវត្តគម្រោង “យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១២មីនា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កម្ពុជាតាមរយៈក្រសួងព័ត៌មាន បានទទួលជ័យលាភីឯក លើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងរាជធានី-ខេត្ត នាពេលកន្លងមក...។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  

លោករដ្ឋមន្ត្រីគូសបញ្ជាក់យ៉ាងដូច្នេះថា៖«យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការលើកទី១ ដែលនិយាយថាទេ..! ចំពោះព័ត៌មានក្លែងក្លាយ រយៈពេល១ឆ្នាំ ដោយក្រសួងព័ត៌មានចាប់ផ្តើមអនុវត្ត ចាប់តាំងពីខែមេសា ឆ្នាំ២០២៥មកម៉្លេះ ហើយកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើសកម្មភាពយុទ្ធនាការនេះ»។ លោកបន្តថា យុទ្ធនាការលើកទី១ មានសាធារណជនចូលមើលប្រមាណជាង៦លាននាក់ លើបណ្តាញសង្គម និងអ្នកចូលរួមសកម្មភាពផ្ទាល់មានប្រមាណជាង៤ម៉ឺននាក់ទូទាំងរាជធានី-ខេត្តទាំង២៥ នៃប្រទេសកម្ពុជា។ លោកថា អ្នកសារព័ត៌មាន គឺជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមរយៈការផ្ដល់ព័ត៌មានពិត ច្បាស់លាស់ ស្រង់យកពីប្រភពច្បាស់ការ ដើម្បីផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងនូវការពិត លប់បំបាត់ព័ត៌មានក្លែងក្លាយពីអារម្មណ៍សាធារណជន។

លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្តថា ដើម្បីសម្រេចបាននូវវិធានការនេះ កាតព្វកិច្ចដ៏សំខាន់ដែលយើងម្នាក់ៗត្រូវធ្វើ និងយកចិត្តទុកដាក់បំផុតនោះ គឺការពង្រឹងសន្តិសុខព័ត៌មាន ដើម្បីធានាបានថា ការទទួលព័ត៌មានពីស្ថាប័ន ឬអង្គភាពព័ត៌មានណាមួយក្នុងប្រទេសកម្ពុជា សាធារណជនអាចទទួលបានទាំងផ្នែកគុណភាព និងសុវត្ថិភាពព័ត៌មានផងដែរ។ លោកបន្តថា វិស័យការទូតព័ត៌មាន មានសារសំខាន់ណាស់ក្នុងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងសកលលោក ដូច្នេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យខាងតែបាន ខណៈកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងតំបន់ លើការពង្រឹងការទូតព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលគ្រប់ប្រទេសទាំងអស់ បាននិងកំពុងប្រឈមក្នុងសម័យឌីជីថលដ៏ទំនើបនេះ។ 

លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា
លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា

ដោយឡែក លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើង អំពីសារសំខាន់នៃគម្រោងនៃ“យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នេះ គឺជាបេសកកម្មរួមគ្នា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយកម្រិតមហាអនុតំបន់មេគង្គ ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត ដែលក្នុងនោះ មានការប្រយុទ្ធប្រឆាំងលើព័ត៌មានក្លែងបន្លំ, ព័ត៌មានបំភ្លៃ, និងព័ត៌មានភាន់ច្រឡំ ជាពិសេស ការបង្កើតព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត(AI) ដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យសាធារណជនទទួលបានព័ត៌មានលឿន ប៉ុន្តែវាប្រឈម និងបង្កហានិភ័យខ្ពស់ផងដែរ។ ដូច្នេះ ភាគីចិន និងកម្ពុជា នឹងរួមគ្នាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយលុបបំបាត់ពាក្យចចាអារ៉ាមមិនល្អ ដោយបង្កើតព័ត៌មានល្អៗសម្រាប់រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់ល្អជាមួយគ្នាបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត