
រដ្ឋធានីបាកដាដ៖ ឈាមទាហានបារាំងត្រូវបានហូរស្រក់នៅក្នុងសមរភូមិនៃដើមបូព៌ា! នៅថ្ងៃសុក្រទី១៣ ខែមីនា ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានចេញមុខថ្កោលទោសទាំងកំហឹង និងការឈឺចាប់ ចំពោះការវាយប្រហារដ៏សាហាវមួយនៅតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មន្ត្រីយោធាបារាំងម្នាក់ និងធ្វើឱ្យទាហានជាច្រើននាក់ទៀតរងរបួស នៅក្នុងតំបន់អឺប៊ីល (Erbil)។

កងទ័ពបារាំង បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាថា ទាហានបារាំងចំនួន ៦នាក់ ដែលកំពុងផ្តល់ការហ្វឹកហ្វឺនប្រឆាំងភេរវកម្មនៅក្នុងតំបន់នោះ បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពរបស់អ៊ីតាលីមួយកន្លែង ត្រូវបានគេកំណត់គោលដៅវាយប្រហារនៅក្នុងតំបន់នោះដែរ។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក ម៉ាក្រុង បានលើកឡើងថា៖«នាយចំណង់ អាណូ ហ្វ្រីយ៉ុង (Arnaud Frion) បានពលីជីវិតដើម្បីប្រទេសបារាំង ហើយទាហានរបស់យើងមួយចំនួនទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ»។

មិនបង្អង់យូរ លោកនិយាយទាំងកំហឹងថា៖«ការវាយប្រហារមកលើកងកម្លាំងរបស់យើង ដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាយស៊ីស (ISIS) ចាប់តាំងពីឆ្នាំ២០១៥ មក គឺជាទង្វើដែលមិនអាចទទួលយកបាន។ វត្តមានរបស់ពួកគេ(ទាហានបារាំង) នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺស្ថិតនៅក្នុងក្របខណ្ឌតឹងរ៉ឹងនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ សង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ង់ មិនអាចយកមកធ្វើជាលេសសម្រាប់ការពន្យល់ ចំពោះការវាយប្រហារបែបនេះបានឡើយ»។

យ៉ាងណា គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថា ដ្រូននោះមានប្រភពមកពីណានៅឡើយទេ។ ស្រដៀងគ្នានេះដែរ ក្រសួងការពារជាតិអ៊ីតាលី បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាដដែលនោះថា ការវាយប្រហារតាមអាកាសពេញមួយយប់ ដែលបានប៉ះចំមូលដ្ឋានយោធាអ៊ីតាលីក្នុងតំបន់គួរឌីស្ថាន (Kurdistan) នៃប្រទេសអ៊ីរ៉ាក់ គឺជាចេតនាវាយប្រហារកំណត់គោលដៅលើទីតាំងស្នាក់នៅរបស់បុគ្គលិកអង្គការណាតូ(NATO)។ យោងតាមប្រភពសន្តិសុខអ៊ីរ៉ាក់ចំនួន៣ និងប្រភពជិតស្និទ្ធនឹងក្រុមប្រដាប់អាវុធចំនួន២ ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតរបស់អ៊ីរ៉ាក់ (Shi'ite) បានបង្កើនល្បឿននៃការវាយប្រហារដោយដ្រូន និងមីស៊ីល ទៅលើផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះ។

សូមជម្រាបថា បារាំងកំពុងដាក់ពង្រាយកងនាវាចម្បាំងប្រហែល១២គ្រឿង រួមទាំងក្រុមនាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួនផងដែរ ទៅកាន់សមុទ្ទមេឌីទែរ៉ានេ សមុទ្ទក្រហម និងអាចឈានទៅដល់ច្រកសមុទ្ទហ័រមូស្ស ដែលជាផ្នែកមួយនៃកិច្ចគាំទ្រ ការពារដល់សម្ព័ន្ធមិត្ត ដែលកំពុងរងការគំរាមកំហែងដោយជម្លោះនៅមជ្ឈិមបូព៌ា។ បារាំងមានទាហានរាប់រយនាក់ឈរជើងនៅក្នុងតំបន់អឺប៊ីល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាមអាយស៊ីសនៅក្នុងតំបន់។

ដុំភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ហាក់គ្មានតម្រុយនៃការផុតរលត់ឡើយ ដោយសារតែមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក សុទ្ធតែបានបញ្ចេញសំឡេងគ្រហឹមដាក់គ្នា ប្រកាសមិនចុះចាញ់រៀងៗខ្លួន និងប្តេជ្ញាបន្តការប្រយុទ្ធរហូតដល់ទីបញ្ចប់ ខណៈវិបត្តិសង្គ្រាមមួយនេះ បានឈានចូលដល់សប្តាហ៍ទី២ហើយ ដោយបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ប៉ះពាល់ជីវិតមនុស្សរាប់លាននាក់ និងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោក មានការរង្គោះរង្គើជាខ្លាំង ជាពិសេសខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងសកល៕



