តើជាគ្រោះថ្នាក់បច្ចេកទេស ឬត្រូវមីស៊ីលអ៊ីរ៉ង់បា.ញ់ទម្លាក់? យន្តហោះចាក់ប្រេងអាម៉េរិកធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ផ្អើលពេញពិភពលោក
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ យន្តហោះចាក់ប្រេងលើអាកាសរបស់សហរដ្ឋអាម៉េរិក ប្រភេទ KC-135 មួយគ្រឿង ត្រូវបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ខណៈយន្តហោះទី២  បានចុះចតដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ពីយោធាអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍ទី១២មីនា (ម៉ោងនៅក្នុងតំបន់)...។

បញ្ជាការដ្ឋានកណ្តាលអាម៉េរិក (ឬ CENTCOM) ទទួលបន្ទុកកងកម្លាំងអាម៉េរិកនៅមជ្ឈិមបូព៌ា បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖«យន្តហោះមួយគ្រឿងបានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ តែយន្តហោះទី២បានចុះចតដោយសុវត្ថិភាព។ នេះមិនមែនបណ្ដាលមកពីការបាញ់ប្រហារពីសត្រូវ ឬការបាញ់ច្រឡំពីគ្នាឯងនោះទេ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងដែនអាកាសមិត្តភាព អំឡុងពេលប្រតិបត្តិការមហាកំហឹង ឬ Epic Fury [ប្រឆាំងរបបតេហេរ៉ង់]»។ ទោះជាយ៉ាងណាក៏ដោយ យោធាអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយដោយទូរទស្សន៍រដ្ឋថា ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់ បានបាញ់ទម្លាក់យន្តហោះនោះដោយប្រើមីស៊ីល និងបានសម្លាប់អាកាសយានិកទាំងអស់នៅលើនោះ។

យោធាអាម៉េរិកក្នុងតំបន់ កំពុងអនុវត្តកិច្ចប្រឹងប្រែងជួយសង្គ្រោះយន្តហោះ KC-135 ដែលបានធ្លាក់នោះ ព្រោះមានផ្ទុកកងទ័ពរហូតដល់ទៅ៦នាក់នៅលើនោះ។យន្តហោះ KC-135 ផលិតដោយក្រុមហ៊ុន Boeing ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ ដោយបានបម្រើការជាឆ្អឹងខ្នងនៃកងទ័ពអាកាសរបស់យោធាអាម៉េរិក និងមានសារសំខាន់បំផុតក្នុងការអនុញ្ញាតឱ្យយន្តហោះដទៃទៀតបំពេញបេសកកម្មប្រយុទ្ធលើសមរភូមិ ដោយមិនចាំបាច់ចុះចត។ យន្តហោះ KC-135 គឺជាយន្តហោះយោធាអាម៉េរិកទី៤ហើយ ដែលបានបាត់បង់ក្នុងអំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីយន្តហោះ F-15 ចំនួន៣គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយការបាញ់ច្រឡំគ្នាឯងនៅលើមេឃនៃប្រទេសកូវ៉ែត។ យន្តហោះ KC-135 ត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ 

ជាទូទៅមានអាកាសយានិក៣នាក់ ប្រតិបត្តិការជាក់ស្តែង រួមមាន៖ អ្នកបើកបរ អ្នកបើកបររង និងម្នាក់ទៀតជាអ្នកបញ្ជាបំពង់ចាក់ប្រេង ហើយវាអាចដឹកមនុស្សបានរហូតដល់៣៧នាក់ នេះបើយោងតាមកងទ័ពអាកាសអាម៉េរិក។ គេនៅចាំបានថា នៅដើមដំបូងនៃសង្រ្គាម ដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ កងកម្លាំងកូវ៉ែតបានបាញ់ទម្លាក់យន្តហោះចម្បាំងអាម៉េរិកប្រភេទ F-15E ចំនួន៣គ្រឿងដោយអចេតនា ប៉ុន្តែនាវិកទាំង៦នាក់ បានលោតឆ័ត្រយោងចេញពីយន្តហោះដោយសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ពី CENTCOM។

ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កងទ័ពអាម៉េរិកចំនួន៧នាក់ត្រូវបានសម្លាប់ ខណៈរដ្ឋធានីវ៉ាស៊ីនតោនបានធ្វើការវាយប្រហារលើគោលដៅជាង៦០០០ទីតាំងក្នុងប្រទេសអ៊ីរ៉ង់។ របាយការណ៍បានបន្ថែមថា ទាហានអាម៉េរិករហូតដល់១៥០នាក់បានរងរបួសនៅក្នុងសង្រ្គាមដ៏សាហាវមួយនេះ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្រ្គាមបានសម្លាប់មនុស្សអស់ជាង២០០០នាក់ រួមទាំងជិត៧០០នាក់ នៅក្នុងប្រទេសលីបង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត