ស្ថាប័នជំនាញ ព្រមានមិនឱ្យពលរដ្ឋចែកចាយរូបភាពអត្តសញ្ញាណបណ្ណ ដើម្បីចៀសវាងជនខិលខូចយកទៅខ្ចីប្រាក់តាមអនឡាញ
L
Linda Sorn
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចេញសារព្រមាន និងក្រើនរំឭកឱ្យពលរដ្ឋទាំងអស់ ទុកដាក់អត្តសញ្ញាណបណ្ណ ឬឯកសារផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីបង្ការពីជនខិលខូចយកទៅខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ...។

ការណែនាំរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ធ្វើឡើងនៅថ្ងៃសុក្រទី១៣មីនា ឆ្នាំ២០២៦នេះ ក្រោយក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋាន កាលពីកន្លងមក ទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ ដែលត្រូវបានឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយកអត្តសញ្ញាណបណ្ណរបស់ខ្លួន ទៅប្រើប្រាស់ ដើម្បីខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ ឬដើម្បីដាក់ពាក្យស្នើសុំកម្ចីផ្សេងៗ ធ្វើឱ្យជនរងគ្រោះជាប់ពាក់ព័ន្ធកម្ចីទាំងនោះ ដោយមិនដឹងខ្លួន។ ករណីនេះ អគ្គនាយកដ្ឋាន ស្នើឱ្យពលរដ្ឋរក្សា និងទុកដាក់ឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណ ដូចជា អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ កាតធនាគារ និងឯកសារសំខាន់់ៗផ្សេងទៀតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងចៀសវាងការថតបង្ហោះព័តមានផ្ទាល់ខ្លួនលើបណ្ដាញសង្គមនានា។

អគ្គនាយកដ្ឋាន ក៏ស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នក្នុងការចូលទៅប្រើប្រាស់កម្មវិធី ឬគេហទំព័រ ដែលមានប្រភពមិនច្បាស់លាស់ ឬមិនមានភាពជឿទុកចិត្ត ហើយមិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬឯកសារអត្តសញ្ញាណណាមួយទៅកាន់ប្រភពទាំងនោះ ជាដាច់ខាត។ ក្នុងករណីពលរដ្ឋបានជ្រុះបាត់ឯកសារពាក់ព័ន្ធ នឹងអត្តសញ្ញាណរបស់ខ្លួនសំខាន់ៗទាំងនេះ អគ្គនាយកដ្ឋាន ស្នើឱ្យពលរដ្ឋធ្វើសេចក្តីរាយការណ៍ជូននគរបាល ឬមន្ត្រីមានសមត្ថកិច្ចជំនាញជាបន្ទាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត