លោក នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានបន្តប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យសកម្មបន្ថែមទៀត

រាជធានីភ្នំពេញ៖ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ និងរក្សាបាននូវទំនុកចិត្តពីសាធារណជន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញអ្នកសារព័ត៌មាន, អ្នកផលិតមាតិកា និងអ្នកធ្វើការពាក់ព័ន្ធជាមួយការងារផ្សព្វផ្សាយ ត្រូវបន្តប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យសកម្មបន្ថែមទៀត លើសកម្មភាពដែលធ្លាប់បានធ្វើកន្លងមក ដ្បិតកំណើននៃព័ត៌មានក្លែងក្លាយហាក់មានសន្ទុះកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ...។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធី បើកសម្ពោធការអនុវត្តគម្រោង “យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីស្តីការក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១២មីនា ឆ្នាំ២០២៦។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិជាច្រើនរូបទៀតផងដែរ។ 

លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានឱ្យដឹងថា គម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងព័ត៌មានបំភ្លៃ» នេះ មានរយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមករាដល់ខែធ្នូ ឆ្នាំ២០២៦ ក្រោមមូលនិធិពិសេសនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានការចូលរួមពីប្រទេសកម្ពុជា ចិន ឡាវ វៀតណាម និងភូមា។ លោកបន្តថា គម្រោងនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជនទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ ដែលមកពីប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ។

គម្រោងនេះ ក៏បានជួយដល់ការលើកកម្ពស់អក្ខរកម្មព័ត៌មាន, គុណភាពព័ត៌មាន, សុវត្ថិភាពព័ត៌មាន, និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុនធ្វើការសម្រេចចិត្តចេញផ្សាយជាសាធារណៈ។ យ៉ាងណា ចុងបញ្ចប់នៃកម្មវិធី លោក នេត្រ ភក្ត្រា បានប្រកាសបើកជាផ្លូវការនូវការអនុវត្តគម្រោង “យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ” ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីធានាការទទួលបានព័ត៌មានជាក់លាក់ ព័ត៌មានមានគុណភាព និងជាព័ត៌មានដែលមានសុវត្ថិភាពជូនសាធារណជន។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានប្រគល់ឯកសារគម្រោង ជូនដល់ លោក ប្រាក់ ថាវអមិដា ដោយមានការធ្វើជាសាក្សីផ្ទាល់ពី លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត