
រាជធានីភ្នំពេញ៖ លោក លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្រ្តី៣នាក់ទៀត ត្រូវបានថ្នាក់លើដកបញ្ឈរជើង គាប់ជូនផ្ទុះរឿងអាស្រូវបើកដៃឱ្យជនជាប់ទោសប្រើទូរសព្ទ និងជំរិតទារប្រាក់ពីទណ្ឌិតរាប់ពាន់ដុល្លារ...។

តាមរយៈសេចក្ដីប្រកាសដែលទម្លាយចេញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារបណ្ដោះអាសន្នមន្ត្រី៤រូបដែលរួមមាន៖ ១-លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង, ២-លោកវរអគ្គានុរក្សថ្នាក់លេខ២ ផាន់ រចនា ប្រធានការិយាល័យប្រតិបត្តិ, ៣-លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ អនុប្រធានការិយាល័យប្រតិបត្តិ និង៤-លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ព រតនៈ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងតម្រូវឱ្យមកបម្រើការងារនៅនាយកដ្ឋានរដ្ឋបាល សរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ។

ទោះយ៉ាងណា ការសម្រេចរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងក្រោយជនជាប់ទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង បាននាំគ្នាទម្លាយរឿងអាស្រូវពុករលួយដល់ឆ្អឹងនៅក្នុងស្ថាប័នខាងលើ ខណៈតួអង្គសំខាន់ក្នុងអំពើទាំងនេះ មាន លោក លីម វាសនា និងលោក ពុម្ព រតនៈ ដែលបានអនុញ្ញាតឱ្យមានទូរសព្ទប្រើប្រាស់យ៉ាងសេរី និងតម្រូវឱ្យទណ្ឌិតទាំងនោះបង់ប្រាក់ខ្ទង់ពាន់ដុល្លារក្នុងមួយបន្ទប់ ជាថ្នូរនឹងការទទួលបានសិទ្ធិប្រើប្រាស់ទូរសព្ទ និងបំពេញតម្រូវការកំលុងជាប់ពន្ធនាគារ។

សូមជម្រាបផងដែរថា ការដកបញ្ឈរជើងប្រធានពន្ធនាគារនេះ មិនមែនជាលើកទីមួយឡើយ ដោយកាលពីកំលុងខែកក្កដា ឆ្នាំ២០២៤ លោក លីម វាសនា ត្រូវរដ្ឋមន្រ្តីមហាផ្ទៃ ដកបញ្ឈរជើងម្ដងរួចមកហើយ ក្រោយទទួលបានការតែងតាំងបានជាង២ខែ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង៕



