
រដ្ឋធានីរ៉ូម៖ ក្រសួងការពារជាតិអ៊ីតាលី បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ថា មូលដ្ឋានទ័ពអ៊ីតាលីមួយកន្លែងស្ថិតក្នុងតំបន់គួឌីស្ថាន (Kurdistan) នៃប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារតាមអាកាស ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួស និងការខូចខាតនោះទេ។

ដំបូងឡើយ ក្រសួងការពារជាតិ អះអាងថា ជាការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពក្នុងទីក្រុងអឺប៊ីល (Erbil) ប៉ុន្តែក្រោយមកក៏បានបញ្ជាក់វិញថា ដ្រូនបានធ្លាក់ចំរថយន្តយោធាមួយគ្រឿងដោយអចេតនា។ ក្រសួងការពារជាតិ បានបង្ហោះសារលើបណ្តាញសង្គម X ថា៖«មិនមានការបាត់បង់ជីវិត ឬរងរបួសក្នុងចំណោមបុគ្គលិកយោធាអ៊ីតាលីនោះទេ។ ពួកគេទាំងអស់គ្នាមានសុវត្ថិភាព»។ ប្រភពដដែល បានបន្ថែមថា ដ្រូននោះប្រហែលជាមិនមែនតម្រង់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអ៊ីតាលីដោយចេតនានោះទេ ប៉ុន្តែវាបានធ្លាក់ចំដោយចៃដន្យ បន្ទាប់ពីវាបានបាត់បង់កម្ពស់ហោះហើរ។

មេបញ្ជាការមូលដ្ឋានទ័ពអ៊ីតាលី លោក ស្ទេហ្វាណូ ភីហ្សូតទី (Stefano Pizzotti) បានប្រាប់ទូរទស្សន៍ Sky TG24 ថា បុគ្គលិកយោធាត្រូវបានព្រមានអំពីការគំរាមកំហែងតាមអាកាស និងបានចូលទៅជ្រកក្នុងលេណដ្ឋានជាច្រើនម៉ោង មុនពេលការវាយប្រហារកើតឡើង។ យ៉ាងណា គេនៅមិនទាន់ដឹងថា ការវាយប្រហារនេះ មានប្រភពមកពីណានៅឡើយទេ ខណៈការប្រកាសអាសន្នការវាយប្រហារតាមអាកាសត្រូវបានបញ្ចប់ ប៉ុន្តែអ្នកជំនាញកំពុងបន្តត្រួតពិនិត្យ និងការពារសុវត្ថិភាពក្នុងតំបន់នោះ។ យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិ អ៊ីតាលីមានកងទ័ពប្រហែល៣០០នាក់ ឈរជើងនៅទីក្រុងអឺប៊ីល ដើម្បីហ្វឹកហ្វឺនកងកម្លាំងសន្តិសុខឃឺដ (Kurdish)។ ទោះជាយ៉ាងណាក៏ដោយ លោក ភីហ្សូតទី បានបញ្ជាក់ថា ចំនួនកងទ័ពត្រូវបានកាត់បន្ថយនាពេលថ្មីៗនេះ ដោយសារតែគ្រោះថ្នាក់ដែលបណ្ដាលមកពីសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់៕




