ហេសបូឡាហ៍បា.ញ់រ៉ុក្កែត អ៊ីរ៉ង់បា.ញ់មីស៊ីលបាឡេស្ទិក ស្រោចទៅលើអ៊ីស្រាអែលក្នុងពេលតែមួយ
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីហ្ស៊េរុសាឡឹម៖ ស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ា ផ្ទុះឡើងកាន់តែខ្លាំងថែមមួយកម្រិតទៀត ដោយកាលពីយប់ថ្ងៃពុធឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា នេះ ក្រុមហេសបូឡាហ៍ និងអ៊ីរ៉ង់ បានបើកការវាយប្រហាររួមគ្នាដោយប្រើប្រាស់រ៉ុក្កែតផង និងមីស៊ីលបាលីស្ទីកផង បាញ់ស្រោចទៅលើទឹកដីអ៊ីស្រាអែល...។

កណ្តាលអាធ្រាត្រថ្ងៃពុធ ក្រុមហេសបូឡាហ៍ បានបាញ់រ៉ុក្កែតជាង១០០គ្រាប់ ក្នុងពេលតែមួយសំដៅទៅភាគខាងជើងអ៊ីស្រាអែល បណ្ដាលឱ្យមនុស្ស៥នាក់រងរបួស និងខូចខាតផ្ទះសម្បែងមួយចំនួន ខណៈក្រុមអ្នកជួយសង្គ្រោះ និងក្រុមអ្នកពន្លត់អគ្គិភ័យ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីពន្លត់ភ្លើង និងជួយសង្គ្រោះអ្នកជាប់គាំង។ ក្នុងពេលតំណាលគ្នានេះ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពេញផ្ទៃប្រទេស រួមទាំងនៅរដ្ឋធានីហ្ស៊េរុសាឡឹម និងតំបន់ភាគកណ្តាល បន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលបាលីស្ទីកស្រោចទៅលើប្រទេសអ៊ីស្រាអែលបន្ថែមទៀត។ ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរដោយសារមីស៊ីលអ៊ីរ៉ង់នេះនៅឡើយទេ ខណៈប្រព័ន្ធការពារអាកាសអ៊ីស្រាអែល បានធ្វើការស្ទាក់ចាប់មីស៊ីលយ៉ាងកក្រើកមេឃ ប្រៀបដូចពីងពាងរាយសំណាញ់ព័ទ្ធចាប់ចំណីយ៉ាងដូច្នោះដែរ។

ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល ចាប់ផ្តើមវាយបកវិញភ្លាមៗទៅលើតំបន់ដាហ៊ីយ៉េហ៍ (Dahiyeh) ក្នុងរដ្ឋធានីបេរូត ដែលជាមូលដ្ឋានរឹងមាំរបស់ក្រុមហេសបូឡាហ៍។ ប្រភពពីសារព័ត៌មាន Jerusalem Post បានឱ្យដឹងថា អ៊ីស្រាអែលកំពុងពិចារណាលើការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសលីបង់ ដើម្បីជាការសងសឹក។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានចេញសេចក្តីប្រកាសអាសន្នដល់ប្រជាជននៅភាគខាងត្បូងរដ្ឋធានីបេរូត នៃប្រទេសលីបង់ ឱ្យចាកចេញពីតំបន់នោះជាបន្ទាន់ មុនពេលការវាយប្រហារតាមអាកាសខ្នាតធំចាប់ផ្តើម។ ចំណែក ឯនៅក្នុងប្រទេសអ៊ីស្រាអែលវិញ ប្រជាជនត្រូវបានណែនាំឱ្យស្នាក់នៅក្បែរ ឬក្នុងជម្រកសុវត្ថិភាពជាដាច់ខាត។ ជាចុងក្រោយ មន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា បើទោះបីជាមានពាក្យចចាមអារ៉ាមបំផ្លើសខ្លះៗក៏ដោយ ប៉ុន្តែអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការពង្រីកវិសាលភាពសង្រ្គាមនៅមជ្ឈិមបូព៌ា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត