អង្គការសុខភាពពិភពលោក បន្តផ្តល់ឱសថ និងសម្ភារវេជ្ជសាស្ត្រ សង្គ្រោះពលរដ្ឋតាមតំបន់ព្រំដែនកម្ពុជា-ថៃ
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានប្រគល់ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ...។

ពិធីប្រគល់ទទួលរៀបចំឡើងដោយ លោករដ្ឋមន្ត្រី ឈាង រ៉ា និងលោកស្រី ម៉ារីយ៉ាណា ត្រាអាស (Marianna Trias) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារជំនួយដែលWHOផ្តល់ឱ្យកម្ពុជារួមមាន៖ ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារវេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ មណ្ឌលសុខភាពក្នុងការផ្ដល់សេវាព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណអង្គការសុខភាពពិភពលោក សម្រាប់ការគាំទ្រទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់អង្គការក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបចំពោះគ្រោះអាសន្នសុខភាពនានា។

លោក ឈាង រ៉ា បញ្ជាក់ថា សម្ភារដែលWHOផ្តល់ឱ្យនាពេលកន្លងមក ត្រូវបានចែកចាយទៅកាន់បណ្តាខេត្តរងផលប៉ះពាល់រួចហើយ ខណៈសម្ភារនៅសេសសល់នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតំបន់រងផលប៉ះពាល់ក្នុងពេលឆាប់ៗ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីអះអាងថា ផ្នែកមួយចំនួនក៏នឹងត្រូវរក្សាទុកសម្រាប់ពង្រឹងការត្រៀមខ្លួនឆ្លើយតបចំពោះវិបត្តិសុខភាពនាពេលអនាគត។ ទន្ទឹមគ្នា ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្របន្តរបស់អង្គការសុខភាពពិភពលោក ក្នុងការពង្រឹងការតាមដានជំងឺ កម្មវិធីចាក់ថ្នាំបង្ការ ការបង្ការ និងគ្រប់គ្រងការឆ្លងរោគ ការផ្សព្វផ្សាយសារអប់រំសុខភាព និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសេវាជំនួយផ្លូវចិត្តសង្គម សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត