
ក្រុងសៀមរាប៖ បារាយណ៍នាគព័ន្ធ គឺជាឋានសួគ៌នៃការគយគន់ថ្ងៃលិច ដែលកំពុងក្លាយជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ នៅពេលសូរិយារៀបអស្តង្គត ពន្លឺពណ៌មាសក្រហមឆ្អិនឆ្អៅ បានជះចាំងប៉ប្រះផ្ទៃទឹកបារាយណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាឥតជិនណាយ។

អាជ្ញាធរជាតិអប្សរា ផ្សាយនៅថ្ងៃ១២មីនានេះថា បច្ចុប្បន្ន បារាយណ៍ប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី ក៏ដូចជាជួយទ្រទ្រង់ដល់ប្រព័ន្ធទឹកក្នុងតំបន់អង្គរធំ ប្រាសាទនាគព័ន្ធ និងប្រាសាទព្រះខ័នផងដែរ។ បារាយណ៍នាគព័ន្ធ អាចហៅផ្សេងទៀតថា បារាយណ៍ជយតដាក (ជៈយៈតៈដាក់) ឬបារាយណ៍ខាងជើង កសាងឡើងក្នុងរាជ្យព្រះបាទជយវរ្ម័នទី៧។ ទោះបីជាមានអាយុកាលជិតមួយសហស្សវត្សរ៍ទៅហើយក្តី តែបារាយណ៍ដែលមានបណ្តោយ៣៦០០ម៉ែត្រ និងទទឹង៩៣០ម៉ែត្រនេះ នៅតែរក្សាបានភាពអស្ចារ្យ។

បារាយណ៍នាគព័ន្ធ មិនមែនសម្រាប់តែការមើលថ្ងៃលិច-ថ្ងៃរះនោះទេ។ កន្លងមក ប្រជាសហគមន៍សាមគ្គី ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍នាគព័ន្ធ ដើម្បីឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍សប្បាយប្លែកជាមួយនឹងធម្មជាតិផ្សេងៗ៕




