វិបត្តិប្រេងសកល! ស្ថានីយលក់ប្រេងទូទាំងប្រទេសកម្ពុជា ដល់ទៅជាង៣០ភាគរយ «បានបិទទ្វារ»
អុន សម្ផស្ស
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថានីយ អនុស្ថានី និងដេប៉ូលក់ប្រេងដល់ទៅជិត២០០០កន្លែង ឬស្មើជាង៣០ភាគរយ ក្នុងចំណោមជាង៦៣០០កន្លែងនៅទូទាំងប្រទេសកម្ពុជា បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលដាច់ស្តុក។ ប៉ុន្តែ ជាមួយគ្នា ក្រសួងសង្ស័យថា ក្នុងចំណោមទីតាំងទាំងអស់នេះ អាចមានមួយចំនួន មិនមែនអស់ប្រេងទេ គឺរក្សាប្រេងទុក  ដើម្បីរង់ចាំលក់ពេលឡើងថ្លៃខ្ពស់។ 

លោកស្រី ចម និម្មល
លោកស្រី ចម និម្មល

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីស្ថានភាពបិទទីតាំងលក់ប្រេងនេះ ក្នុងសិក្ខាសាលាមួយរៀបចំឡើងដោយរដ្ឋសភា នៅថ្ងៃទី១២មីនា ​ឆ្នាំ២០២៦ ហើយត្រូវបានចុះផ្សាយដោយក្រសួងព័ត៌មាន។ ចំពោះមុខបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា បានបញ្ជាមន្ត្រីជំនាញឱ្យចុះទៅស៊ើបអង្កេត និងតាមដានដោយផ្ទាល់។

លោកស្រីថ្លែងថា៖«យើងមានមន្ត្រីជំនាញចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង..ក្នុងករណីរកឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ [ម្ចាស់ទីតាំង]នឹងរងការពិន័យ បិទអាជ្ញាបណ្ណអាជីវកម្មទាំងស្រុង។ ប៉ុន្តែបើក្នុងករណីរកឃើញអស់ស្តុកមែន រដ្ឋនឹងអន្តរាគមន៍ជាមួយវិស័យឯកជនដែលនាំចូលប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការអាជីវកម្ម»។ ទន្ទឹមគ្នា រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហើបថា តម្លៃប្រេងឥន្ធនៈនឹងមានការធ្លាក់ថ្លៃវិញ ក្នុងរវង្វង់ប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃលក់រាយនៅថ្ងៃទី១២មីនានេះ ចាប់តាំងពីពេលទៀបភ្លឺមក។

គួរជ្រាបថា តម្លៃប្រេង និងម៉ាស៊ូត នៅកម្ពុជាបានចាប់ផ្តើមប្រែប្រួលឡើងថ្លៃ ដោយប្រេងសាំងធម្មតា តម្លៃ៥២០០រៀល និងប្រេងម៉ាស៊ូត តម្លៃ៦០៥០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃ១១ ដល់ថ្ងៃ១៣មីនា ដោយសារផលវិបាកនៃសង្គ្រាមដ៏ខ្លាំងក្លានៅមជ្ឈិមប៉ូព៌ា បង្កឡើងរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែល ទៅលើអ៊ីរ៉ង់។ បណ្តាប្រទេសជាច្រើននៅលើពិភពលោកកំពុងជួបបញ្ហាប្រេងឥន្ទនៈនេះដូចគ្នា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត