
រាជធានីភ្នំពេញ៖ សំណល់ថ្មពិល ជាប្រភេទថ្មពិលដែលខូចមិនអាចប្រើប្រាស់ឡើងវិញបាន និងត្រូវបោះចោល។ សំណល់ថ្មពិលមានពីរប្រភេទ គឺប្រភេទដែលមិនអាចបញ្ចូលថាមពលឡើងវិញ និងអាចបញ្ចូលថាមពលឡើងវិញបាន។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១២មីនា…។

មន្រ្តីក្រសួងបរិស្ថាន គូសបញ្ជាក់ថា សំណល់ថ្មពិលប្រភេទ មិនអាចបញ្ចូលថាមពលឡើងវិញ និងថ្មដែលអាចបញ្ចូលថាមពលឡើងវិញ មានផ្ទុកសារធាតុគ្រោះថ្នាក់ដូចជា លីចូម នីកែល កូបាល់ ម៉ង់កាណែស សំណ បារត កាត់ម៉ូម។ សារធាតុទាំងនេះ បង្កផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការដុត ការបោះចោលទៅលើដីទីវាល ការបោះចោលចូលក្នុងប្រភពទឹក និងការបោះចោលលាយឡំជាមួយសំណល់ធម្មតា ដែលត្រូវបានប្រមូលយកទៅទីលានចាក់សំរាម ហើយសាយភាយសារធាតុគ្រោះថ្នាក់ដល់ទឹកក្រោមដី និងចូលក្នុងខ្យល់ និងប្រព័ន្ធអេកូឡូស៊ី។

ចំណែក ផលប៉ះពាល់ដល់សុខភាពមនុស្ស បង្កឱ្យខូចប្រព័ន្ធប្រសាទ តម្រងនោម ចលនាសាច់ដុំ រលាកទងសួត កើតជំងឺមហារីក បំផ្លាញប្រព័ន្ធកោសិកាសំខាន់ៗ ដូចជា បេះដូង ប្រព័ន្ធភាពស៊ាំ បង្កការរលូតគភ៌ ពន្យារការពេញវ័យរបស់មនុស្ស បង្កការប៉ះពាល់ដល់កំណើត៕



