យុទ្ធនាការវាយប្រហារអ៊ីរ៉ង់៦ថ្ងៃដំបូង អាម៉េរិកចាយលុយជាង១១ពាន់លានដុល្លារ
N
Nary Vann
19 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមព័ត៌មានទទួលបានពីកិច្ចប្រជុំសម្ងាត់មួយក្នុងវិមាន Capitol Hill មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា ត្រឹមរយៈពេល៦ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងអ៊ីរ៉ង់ សហរដ្ឋអាម៉េរិក បានចំណាយថវិកាអស់យ៉ាងហោចណាស់១១,៣ពាន់លានដុល្លារទៅហើយ...។

តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានរាយការណ៍ដំបូងដោយការសែតញ៉ូវយកថាមស៍​ គឺមិនទាន់រាប់បញ្ចូលនូវការចំណាយសរុបទាំងអស់នៃប្រតិបត្តិការយោធានៅឡើយទេ ប៉ុន្តែវាជាព័ត៌មានបឋមដែលផ្ដល់ជូនសមាជិកព្រឹទ្ធសភា ខណៈពួកគេកំពុងទាមទារដឹងពីតម្លាភាពនៃកញ្ចប់ថវិកាសង្គ្រាម។ ក្នុងនោះដែរ រដ្ឋបាល លោក ដូណាល់ ត្រាំ ក៏បានបង្ហើបផងដែរថា គ្រាន់តែគ្រាប់រំសេវដែលបានប្រើប្រាស់ក្នុងរយៈពេល២ថ្ងៃដំបូងនៃការវាយប្រហារតាមអាកាស មានតម្លៃរហូតដល់ទៅ៥,៦ពាន់លានដុល្លារ បង្កឱ្យមានការបារម្ភយ៉ាងខ្លាំងពីសំណាក់សមាជិកសភាអំពីការរីងស្ងួតនៃឃ្លាំងអាវុធជាតិ។

ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋ Kentucky លោកប្រធានាធិបតី ត្រាំ បានប្រកាសថា អាម៉េរិកឈ្នះសង្គ្រាមរួចទៅហើយ ប៉ុន្តែត្រូវតែបន្តឈរជើងដើម្បីបញ្ចប់កិច្ចការឱ្យរួចរាល់។ សេតវិមានត្រូវបានគេរំពឹងថា នឹងដាក់សំណើទៅកាន់សភា ដើម្បីសុំកញ្ចប់ថវិកាបន្ថែម ដែលអាចមានតម្លៃចន្លោះពី៥០ពាន់លានដុល្លារ ឬលើសពីនេះ។ យ៉ាងណាមិញ សមាជិកសភាគណបក្សប្រជាធិបតេយ្យបាននិងកំពុងដាក់សម្ពាធឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ ចេញមុខមកបកស្រាយជាសាធារណៈ អំពីផែនការសង្គ្រាមយូរអង្វែង រយៈពេលដែលត្រូវចំណាយ និងយុទ្ធសាស្ត្រគ្រប់គ្រងអ៊ីរ៉ង់ ក្រោយបញ្ចប់ការប្រយុទ្ធ។

ចំណែកឯវិស័យឧស្សាហកម្មការពារជាតិអាម៉េរិកវិញ ក៏កំពុងស្ថិតក្រោមសម្ពាធនៃការផលិតគ្រាប់រំសេវឱ្យទាន់តម្រូវការ ខណៈ ត្រាំ បានជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតអាវុធធំៗចំនួន៧ កាលពីសប្តាហ៍មុន ដើម្បីពន្លឿនការផ្គត់ផ្គង់សព្វាវុធឡើងវិញ ខណៈសង្គ្រាមបាននិងកំពុងអូសបន្លាយ និងឆេះរាលដាលដល់ប្រទេសលីបង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត