នាយករដ្ឋមន្ត្រីនូវែលសេឡង់ស្នើច្បាប់ហាមក្មេងអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម
N
Nary Vann
06 ឧសភា 2025 09:30 AM

រដ្ឋធានីវែលលីងតោន៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វឺ លូហ្សុន បានស្នើច្បាប់ហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំ មិនឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារពួកគេពីគ្រោះថ្នាក់នៃវេទិកាបច្ចេកវិទ្យាធំៗ។ ច្បាប់ដែលបានស្នើឡើងនេះ នឹងបង្ខំឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទៀងផ្ទាត់អ្នកប្រើប្រាស់មានអាយុយ៉ាងតិច១៦ឆ្នាំ ឬប្រឈមនឹងការផាកពិន័យរហូតដល់១,២លានដុល្លារ។

លោក គ្រីស្តូហ្វឺ លូហ្សុន (Christopher Luxon) 
លោក គ្រីស្តូហ្វឺ លូហ្សុន (Christopher Luxon) 

ការហាមឃាត់ដែលត្រូវបានស្នើឡើងនេះ យកគំរូតាមច្បាប់ដ៏តឹងរ៉ឹងដែលទើបអនុម័តដោយប្រទេសអូស្ត្រាលី ដែលជាកិច្ចខិតខំប្រឹងប្រែងសកលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក លូហ្សុន បាននិយាយថា វាដល់ពេលហើយសម្រាប់ប្រទេសនូវែលសេឡង់ក្នុងការទទួលស្គាល់ថាប្រព័ន្ធផ្សព្វផ្សាយសង្គមមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់យុវវ័យនោះទេ ហើយដាក់ការទទួលខុសត្រូវលើវេទិកាទាំងនេះដើម្បីការពារកុមារដែលងាយរងគ្រោះពីខ្លឹមសារគ្រោះថ្នាក់ ការគំរាមកំហែងតាមអ៊ីនធឺណិត និងការកេងប្រវ័ញ្ច។

ច្បាប់ដែលបានស្នើឡើងត្រូវបានព្រាងដោយគណបក្សជាតិរបស់លោក លូហ្សុន ដែលជាសមាជិកដ៏ធំបំផុតនៅក្នុងសម្ព័ន្ធគ្រប់គ្រងបីផ្លូវរបស់ប្រទេសនូវែលសេឡង់។ ដើម្បីសម្រេចបាន ច្បាប់នេះនឹងត្រូវការការគាំទ្រពីដៃគូចម្រុះពីរផ្សេងទៀតរបស់លោក លូហ្សុន។ សមាជិកសភាគណបក្សជាតិ លោកស្រី ខាធើរីន វីដ (Catherine Wedd) ដែលបានតាក់តែងសេចក្តីព្រាងច្បាប់នេះ បាននិយាយថា វានឹងធ្វើឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានទំនួលខុសត្រូវ និងផ្តល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់គ្រួសារ និងឪពុកម្តាយក្នុងការត្រួតពិនិត្យការប៉ះពាល់លើអ៊ីនធឺណិតរបស់កុមារ។ ច្បាប់​ដែល​បាន​ស្នើ​ឡើង​មិន​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ណា​ខ្លះ​នឹង​ត្រូវ​រ៉ាប់រង​ក្នុង​ប្រទេស​នូវែលសេឡង់នោះទេ។ កាលពីឆ្នាំមុន ប្រទេសនូវែលហ្សេឡង់បានហាមប្រាមកុមារពីការប្រើប្រាស់ទូរសព្ទចល័តពេលនៅសាលារៀន ជាគោលការណ៍មួយដែលត្រូវបានបង្កើតឡើងដើម្បីបង្វែរអត្រាអក្ខរកម្មដែលកំពុងធ្លាក់ចុះរបស់ប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត