
រដ្ឋធានីម៉ានីល៖ ហ្វីលីពីន និងនូវែលសេឡង់ បានពង្រឹងទំនាក់ទំនងផ្នែកការពារជាតិជាមួយនឹងការចុះហត្ថលេខាលើកតិកាសញ្ញាកងទ័ពដ៏សំខាន់មួយ ដោយបើកផ្លូវសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការយោធា ចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ស្ថានភាពនៃកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ចដែលបានចុះហត្ថលេខានៅរដ្ឋធានីម៉ានីលដោយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ (Gilberto Teodoro) និងរដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់លោកស្រី ជូឌីត ខូលីន (Judith Collins) អនុញ្ញាតឱ្យប្រទេសទាំងពីរដាក់ពង្រាយកងទ័ពនៅលើទឹកដីគ្នាទៅវិញទៅមក ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់យោធារបស់ពួកគេក្នុងការធ្វើការជាមួយគ្នា។

នូវែលសេឡង់បានចូលរួមក្នុងសមយុទ្ធដែនសមុទ្ទរួមគ្នាជាមួយហ្វីលីពីន សហរដ្ឋអាម៉េរិក អូស្ត្រាលី និងជប៉ុន ជាលើកដំបូងកាលពីឆ្នាំមុននៅក្នុងសមុទ្ទចិនខាងត្បូង ជាកន្លែងដែលរដ្ឋធានីម៉ានីល និងរដ្ឋធានីប៉េកាំងបានប្រឈមមុខដាក់គ្នាម្ដងហើយម្ដងទៀត។ រដ្ឋធានីប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវសមុទ្ទចិនខាងត្បូង ជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់ បើទោះបីជាមានការទាមទារដែនសមុទ្ទត្រួតស៊ីគ្នា ដោយប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ការចុះហត្ថលេខារវាងភាគីទាំង២ ធ្វើឡើងបន្ទាប់ពីប្រទេសនូវែលសេឡង់ បានបង្ហាញពីផែនការជំរុញការចំណាយលើវិស័យការពារជាតិចំនួន៥ពាន់លានដុល្លារក្នុងរយៈពេល៤ឆ្នាំខាងមុខ ហើយគោលបំណងនៃការចំណាយជិតទ្វេដងដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល៨ឆ្នាំខាងមុខ។

ការពិនិត្យឡើងវិញ អំពីសមត្ថភាពសន្តិសុខរបស់ប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ២០២៣ បានអំពាវនាវឱ្យមានការចំណាយយោធាបន្ថែមទៀត និងទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងលោកខាងលិច ចិន និងរុស្ស៊ី។ ហ្វីលីពីន និងនូវែលហ្សេឡង់ ក៏នឹងលើកកម្ពស់ទំនាក់ទំនងការទូតរបស់ពួកគេទៅជាភាពជាដៃគូដ៏ទូលំទូលាយនៅឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីផលប្រយោជន៍រួមក្នុងសន្តិសុខដែនសមុទ្ទ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្ថិរភាពក្នុងតំបន់៕



