
រដ្ឋធានីអូស្លូ៖ ប៉ូលិសន័រវសបានអះអាងកាលពីថ្ងៃពុធទី១១មីនាថា បងប្អូនប្រុស ៣នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានបំផ្ទុះគ្រាប់បែកភេរវកម្មលើស្ថានទូតសហរដ្ឋអាម៉េរិកក្នុងរដ្ឋធានីអូស្លូ(Oslo) កាលពីចុងសប្តាហ៍មុន បណ្ដាលឱ្យមានការខូចខាតបន្តិចបន្តួច ប៉ុន្តែមិនមានអ្នករងរបួសនោះទេ...។

តំណាងអយ្យការប៉ូលិស លោក គ្រីស្ទៀន ហាតឡូ (Christian Hatlo) ថ្លែងក្នុងសន្និសីទសារព័ត៌មានថា បងប្អូនទាំង៣នាក់នោះ គឺជាពលរដ្ឋន័រវេសដើមកំណើតអ៊ីរ៉ាក់។ ពួកគេត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានីអូស្លូ ហើយប៉ូលិសកំពុងស៊ើបអង្កេតរកមូលហេតុនៅពីក្រោយខ្នង។ លោក ហាត់ឡូ បានបញ្ជាក់ថា៖«យើងកំពុងធ្វើការលើសម្មតិកម្មជាច្រើន។ ក្នុងចំណោមនោះ..តើនេះគឺជាការបញ្ជាពីអង្គភាពរដ្ឋាភិបាលណាមួយឬយ៉ាងណា..? វាជារឿងធម្មតាដែលត្រូវគិតបែបនេះ ដោយសារគោលដៅគឺជាស្ថានទូតអាម៉េរិក និងស្ថានភាពសន្តិសុខពិភពលោក នាពេលបច្ចុប្បន្ន»។ ប៉ូលិសជឿថា បងប្អូនទាំងនេះមានវ័យខ្ទង់២០ឆ្នាំ មានតួនាទីផ្សេងៗគ្នា ដោយម្នាក់ជាអ្នកយកគ្រាប់បែកទៅដាក់នៅមុខស្ថានទូត និង២នាក់ទៀតជាអ្នកសមគំនិត។

ទោះបីជាបងប្អូនទាំង៣នាក់មិនធ្លាប់មានប្រវត្តិកម្រិតក្នុងបញ្ជីខ្មៅរបស់ប៉ូលិសក៏ដោយ ប៉ុន្តែអ្នកស៊ើបអង្កេតមិនទាន់ច្រានចោលលទ្ធភាព ដែលថា ពួកគេអាចមានទំនាក់ទំនងជាមួយណ្តាញឧក្រិដ្ឋជននោះទេ។ កាលពីខែមុន សេវាសន្តិសុខន័រវេស បានវាយតម្លៃថា អ៊ីរ៉ង់ គឺជាការគំរាមកំហែងចម្បងមួយដល់ប្រទេសជាតិ ហើយអាចនឹងប្រើប្រាស់តួអង្គតំណាង រួមទាំងបណ្តាញឧក្រិដ្ឋជន ដើម្បីបង្កសកម្មភាពផ្សេងៗ។ ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីអូស្លូ បានបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់នេះ៕




