
រដ្ឋធានីតេហេរ៉ង់៖ មិនទាន់អាចចូលសមរភូមិសង្គ្រាមនោះទេ តែត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យសិន! លោក ម៉ុចតាបា ខាមេណេ (Mojtaba Khamenei) មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានរងរបួសទាំងដៃទាំងជើង ក្នុងការវាយប្រហារតាមអាកាសរួមគ្នាដោយអាម៉េរិក-អ៊ីស្រាអែល។ ផ្អែកតាមសារព័ត៌មានបរទេស លោក ទំនងជារងរបួសតាំងពីថ្ងៃ២៨កុម្ភមកម្ល៉េះ ជាថ្ងៃដំបូងនៃការបើកឆាកសឹកសង្គ្រាម ហើយថ្ងៃដំបូងនេះហើយ ដែលឪពុករបស់លោក គឺលោក អាលី ខាមេណេ (Ali Khamenei) ជាមេដឹកនាំកំពូល រួមទាំងបងប្អូនសាច់ញាតិមួយចំនួនទៀត ត្រូវបាត់ជីវិតក្រោមស្នាដៃអាម៉េរិក-អ៊ីស្រាអែល។

សារព័ត៌មានអន្តរជាតិល្បីៗ រួមមាន The Guardian និង Al Jazeera ជាដើម បានចុះផ្សាយនៅថ្ងៃ១១ និងបន្តចុះផ្សាយមកដល់ថ្ងៃ១២មីនានេះទៀត អំពីអាថ៌កំបាំងដែលលោក ម៉ុចតាបា ខាមេណេ ចូលព្យាបាលរបួសក្នុងមន្ទីរពេទ្យស្ងាត់ៗ។ គេជឿថា ដោយសារមានរបួស ហើយត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ទើបបានជាលោក ម៉ុចតាបា ខាមេណេ មិនបានបង្ហាញមុខជាសាធារណៈ បន្ទាប់ពីស្នងតំណែងក្លាយជាមេដឹកនាំកំពូលលំដាប់ទី១ ជំនួសលោកឪពុក។

សារព័ត៌មាន The Guardian ស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ទៅសរសេរថា របួសនេះ មិនធ្ងន់ធ្ងរដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិតមេដឹកនាំកំពូលរបស់ខ្លួនឡើយ។ ទោះយ៉ាងណា ស្ថានភាពអំពីសុខភាពជាក់ស្តែង មន្ទីរពេទ្យ ឬទីតាំងពិតប្រាកដរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់រូបនេះ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។ លោក ម៉ុចតាបា ខាមេណេ ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មី ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពឆ្នាំបដិវត្តន៍អ៊ីរ៉ង់ ជាកងទ័ពស្នូល និងជាជន្ទល់ដ៏ធំរបស់អ៊ីរ៉ង់ទាំងមូល៕



