អ៊ីរ៉ង់បើកយុទ្ធនាការបោសសម្អាតចារកម្មបរទេស ស្របពេលភ្លើងសង្គ្រាមកំពុងពុះកញ្ជ្រោល
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ចំពេលភ្លើងសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ឆាបឆេះយ៉ាងសន្ធោសន្ធៅ អាជ្ញាធរអ៊ីរ៉ង់ បានប្រកាសបើកយុទ្ធនាការបង្ក្រាបផ្ទៃក្នុងយ៉ាងក្ដៅគគុក ដោយបានចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមទាំងជនបរទេសម្នាក់ផងដែរ ក្រោមបទចោទប្រកាន់ថា បានធ្វើចារកម្មឱ្យសត្រូវ...។

ក្រសួងចារកម្មអ៊ីរ៉ង់ បានបញ្ជាក់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារទី១០មីនាថា ជនបរទេសដែលត្រូវបានឃាត់ខ្លួននោះ បាននិងកំពុងធ្វើសកម្មភាពចារកម្មតំណាងឱ្យសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ព្រមទាំងធ្វើជាភ្នាក់ងារឱ្យប្រទេសចំនួនពីរនៅក្នុងតំបន់ឈូងសមុទ្ទ។ ទោះបីជាអត្តសញ្ញាណ និងសញ្ជាតិនៃជនបរទេសរូបនោះ មិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ប៉ុន្តែសកម្មភាពនេះ កើតឡើងស្របពេលអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមេដឹកនាំកំពូល លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី និងមេបញ្ជាការជាច្រើនរូបទៀត ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកកាលពីចុងខែកុម្ភៈ។

បន្ថែមលើការចាប់ខ្លួនជនបរទេសនេះ ក្រសួងចារកម្មអ៊ីរ៉ង់ អះអាងថា ខ្លួនបានបង្ក្រាប និងឃាត់ខ្លួនចារកម្ម ភ្នាក់ងារស៊ីឈ្នួលក្នុងស្រុក និងភ្នាក់ងារប្រតិបត្តិការរបស់អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក ចំនួន៣០នាក់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ ស្របពេលជាមួយគ្នានេះដែរ មេប៉ូលិសអ៊ីរ៉ង់ លោក អាហ៍ម៉ាដ្រេហ្សា រ៉ាដាន (Ahmadreza Radan) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា មនុស្សប្រមាណ៨១នាក់ទៀត ក៏ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទចោទថា បានចែករំលែកព័ត៌មានផ្ទៃក្នុងរបស់អ៊ីរ៉ង់ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអរិភាព និងសត្រូវ។

ជាមួយគ្នានេះ រដ្ឋធានីតេហេរ៉ង់អះអាងថា វិធានការខាងលើធ្វើឡើងដើម្បីការពារសន្តិសុខជាតិឱ្យស្របតាមស្ថានភាពសង្គ្រាមជាក់ស្ដែង ក្រុមសិទ្ធិមនុស្សអន្តរជាតិ បានចោទប្រកាន់ថា នេះអាចគ្រាន់តែជាលេសនយោបាយដើម្បីចាប់ខ្លួនមនុស្សធ្វើជាចំណាប់ខ្មាំងសម្រាប់ដោះដូរផលប្រយោជន៍ជាមួយបរទេសប៉ុណ្ណោះ ប៉ុន្តែអ៊ីរ៉ង់បដិសេធចំពោះការចោទប្រកាន់ទាំងនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត